ថ្ងៃនេះ អាចជាថ្ងៃចុងក្រោយ នៃអ្នកជាប់ក្នុងនាវាមុជទឹក ដែលបាត់ខ្លួនកាលពីថ្ងៃអាទិត្យ
បរទេស ៖ គិតត្រឹមថ្ងៃពុធទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមរុករកនាវាមុជទឹកទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅតែរកមិនទាន់ឃើញនៅឡើយទេ ខណៈក្រុមរុករក បានលឺសម្លេងអ្វីម្យ៉ាងដូចជាសម្លេងគោះ ដែលគេសន្និដ្ឋាន ជាសម្លេងគោះរបស់អ្នកជាប់ ក្នុងនាវាមុជទឹកខ្នាតតូចឈ្មោះទីតាននោះ ។
យ៉ាងណាក្ដី បើសិនជាថ្ងៃនេះ ថ្ងៃទី២២ ខែមិថុនា ក្រុមរុករកនៅតែរកមិនឃើញមនុស្សទាំង ៥នាក់ ដែលបានជាប់ក្នុងនាវាមិនឃើញទេ វាអាចជាថ្ងៃចុងក្រោយ របស់អ្នកទាំង៥ ដោយសារតែអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ នៅក្នុងនាវានោះនឹងអស់នៅថ្ងៃនេះ ។
តាមការសន្និដ្ឋាន អុកស៊ីសែនសម្រាប់ផ្គត់ផ្គង់នៅក្នុងនាវា អាចបានត្រឹមយ៉ាងយូរ ៩៦ម៉ោង ហើយបើគិតចាប់ពីថ្ងៃបាត់ដំណឹងរហូតមកដល់ថ្ងៃនេះ គឺរយៈពេល ៤ថ្ងៃ គឺស្មើនឹង៩៦ម៉ោងហើយ ដូច្នេះ បើសិនជាក្រុមស្វែងរកនៅតែមិនទាន់រកឃើញទេ អ្នកទាំង៥ អាចនឹងស្លាប់ដោយសារតែអត់ខ្យល់អុកស៊ីសែន ដកដង្ហើម ។
គួរបញ្ជាក់ថា អ្នកទាំង៥ ដែលបានបាត់ខ្លួន ជាមួយនឹងនាវាមុជទឹក ទីតានរួមមាន ៖
១. មហាសេដ្ឋី Hamish Harding ជាអ្នកស្រាវជ្រាវក្នុងទីអវកាស និងនៅបាតសមុទ្រមានឈ្មោះល្បីអាយុ៥៨ឆ្នាំ ។ លោកក៏ជាអ្នកជំនួញល្បីឈ្មោះរូបផងដែរ ។
២-លោក PAUL-HENRY NARGEOLET ជនជាតិបារាំង ដែលជាអ្នកបើកនាវាមុជទឹកនេះ ។ លោកជាអតីតមន្ត្រីកងម៉ារីនជាតិបារាំង ដែលពេលនេះផ្លាស់មករស់នៅសហរដ្ឋអាមេរិក ហើយជានាយកនៃកម្មវិធីស្រាវជ្រាវបាតសមុទ្រមកកាន់ខ្មោចនាវាទីតានិក ។ ក្នុងអាជីពរបស់ខ្លួនបុរសអាយុ៧៧ឆ្នាំរូបនេះ ធ្លាប់មុជទឹកជាច្រើនលើកទៅកាន់ខ្មោចនាវាទីតានិក ។
៣-លោក STOCKTON RUSH ប្រធានអគ្គនាយកនៃក្រុមហ៊ុន OCEANGGATE EXPEDITIONS ជាអ្នករៀបចំដំណើរទៅពិនិត្យខ្មោ.ចនាវាទីតានិក ដោយក្នុងមនុស្សម្នាក់ត្រូវចំណាយប្រាក់២៥០.០០០ដុល្លារ ។
ចំណែកទី៤ និងទី៥-គឺឪពុកកូនអ្នកជំនួញប៉ាគីស្ថាន លោក SHAHZADA DAWOOD និងកូនប្រុស SULEMAN DAWOOD ៕