នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៦នាក់ ករណីប្រើកាំបិតកាប់ មនុស្ស៣នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានកម្លាំងកម្លាំងជំនាញ បានចុះស្រាវជ្រាវបង្ក្រាបករណី ប៉ុនប៉ងមនុស្សឃាត ដោយប្រើកាំបិតកាប់បុរសជនជាតិចិន ០៣នាក់ ឲ្យរងរបួសធ្ងន់ កាលពីម៉ោង ២០និង០០នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣រួចមក កម្លាំងជំនាញ ក៏បានចុះទៅដល់ទីកន្លែងសណ្ឋាគារ ហ្សឺចៃជីង មានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង – ខេត្តព្រះសីហនុ ដែលមមានករណី ជនជាតិចិន មួយក្រុមមានគ្នាប្រហែល ១០នាក់ បានធ្វើសកម្មភាព ដោយប្រើកាំបិត កាប់ទៅលើបុរសជនជាតិចិន ០៣នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យចិន ថៃខាង។

លោកបន្តថា ក្នុងចំណោមជនរងគ្រោះទាំង ០៣នាក់ គឺមាន ០១នាក់ រងរបួសផ្នែកក្បាលធ្ងន់ធ្ងរជាងគេ ទើបបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ ស្រាវជ្រាវ រហូតដឹងថា បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះទាំង ០៣នាក់រួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ០៣គ្រឿង ១- ម៉ាក MUSTANG ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BS-6371

២- ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខៈ ភ្នំពេញ 2AD-6901

៣- ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BG-6980 រត់គេចខ្លួន ។

បន្ថែមលើសនេះ កម្លាំងសមត្ថកិច្ច បានបន្តស្រាវជ្រាវរហូតស្វែងរកឃើញ រថយន្តចំនួន ០២គ្រឿង ១- ម៉ាក MUSTANG ពណ៌ក្រហម

២- ម៉ាក STAREX ពណ៌ស ចតទុកនៅមុខអគារ ១កន្លែង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើរដ្ឋបាលឆែកឆេរ នៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ។ ហើយ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឈានទៅឃាត់ខ្លួន ជនសង្ស័យ ដែលពាក់ព័ន្ធក្នុងករណីនេះចំនួន ០៦នាក់ ភេទប្រុស ជនជាតិចិន យកមកធ្វើការសាកសួរ និង បាននាំយកមនុស្សដែលធ្វើការ នៅក្នុងអគារនោះ ចំនួន ០៦នាក់ ភេទប្រុស (ចិន៤ ខ្មែរ២) យកមកធ្វើការសាកសួរតាមនិតិវិធីជំនាញ ។

ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីច្បាប់ និងកំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដែលនៅសេសសល់កំពុងរត់គេចខ្លួន ៕ អត្ថបទដោយលោក នី វ៉ាន់នីន

អត្ថបទដែលជាប់ទាក់ទង