រដ្ឋមន្ត្រីក្រសួងប្រៃសេណីយ៍ថា កម្ពុជា នឹងតបណ្តាញខ្សែកាបអុបទិក ដល់គ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២៧

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា រដ្ឋាភិបាល មានគម្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិក ឲ្យបានដល់គ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេសប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០២៧ ខាងមុខនេះ។

លោកបន្តថា ការតភ្ជាប់នេះ នឹងគ្របដណ្តប់​ដល់សាលាឃុំ​ ប៉ុស្តិ៍នគរបាល វិទ្យាល័យ  សាលារៀន មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងទីប្រជុំជន ព្រមទាំងការរៀបចំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​ (Community Tech Center)។

លោកជា វ៉ាន់ដេត ឲ្យដឹងដូច្នេះ នាឱកាសរូបលោកអញ្ជើញចូលរួម ផ្តល់បាឋកថាលើប្រធានបទស្តីពី “កម្ពុជា” ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ​២០២៣។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងមានគម្រោងជួយ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំ សម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។

បន្ថែមលើសនេះ លោក ជា វ៉ាន់ដេត ក៏បានបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឌីជីថល លើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើន នៃតម្រូវការអ្នក​ប្រើប្រាស់។

​លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ចំពោះការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាល របស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់​ឱ្យប្រើក្នុងគោលបំណងផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បាន​បង្ហាញពីការវិវឌ្ឍ នៃបដិ​វត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្រប​ខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១​-២០៣៥ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រីបន្តទៀតថា យន្តការអនុវត្ត និងរចនាសម្ព័ន្ធដឹកនាំ ដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរ យើងត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថល ក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាព៕

អត្ថបទដែលជាប់ទាក់ទង