គណៈកម្មាធិការ អាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយ ស៊ី ស៊ី-អង្គរ) កំពុងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍ ទៅលើកិច្ចការទាំងឡាយ ពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌ និងរមណីយដ្ឋានជាច្រើនកន្លែង នៅក្នុងតំបន់អង្គរ។
កិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមាន លោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំង ប្រចាំកម្ពុជា និងលោកIchitomo TANINAI អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ជាសហប្រធាននេះ នឹងពិនិត្យមើលលើចំណុចជាច្រើនដូចជា៖ តាមដានឡើងវិញលើអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ និង របាយការណ៍សកម្មភាពក្រុមបច្ចេកទេសជាច្រើនដូចជា៖ ការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំ ដើម្បីធ្វើរបាយការណ៍ ស្តីពីការអនុវត្តអនុសាសន៍ (ដែលភ្ជាប់ជាមួយរបៀបវារៈនេះ សម្រាប់ជាឯ សារយោង) និងដើម្បីសង្ខេបផែនការការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។
ជាមួយគ្នានេះដែរ ក៏មានការតាមដានលើអនុសាសន៍ នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា៖ ប្រាសាទទ្រម៉ូង ការជួសជុលពិដាន របស់ប្រាសាទអង្គរវត្ត នៅថែវកូរសមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតី នៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនិរតី ការជួសជុលពិដាននៅស្លាបរោងទងភាគអាគ្នេយ៍ ការជួសជុលបណ្ណាល័យខាងត្បូង និងផ្លូវចូលរោងទងទី២ និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។
បន្ថែមលើនេះ គណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរ ក៏បានតាមដានអនុសាសន៍ ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃ និងបារាយណ៍ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទបាយ័ន ការជួសជុលប្រាសាទចៅសាយទេវតា ការតាមដានលើអនុសាសន៍ ជួសជុលប្រាសាទបន្ទាយសំរ៉ែ និងការបណ្តុះបណ្តាល ការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំ ប្រាសាទបន្ទាយប្រី ព្រមទាំងតាមដានលើអនុសាសន៍ នៃការអនុវត្តន៍លើសំណង់ខុសច្បាប់ នៅរមណីយដ្ឋានអង្គរជាដើម៕