ស្គាល់អត្តសញ្ញាណសពស្ត្រីម្នាក់ ដែលគេរុំកន្ទេលបោះចោល នៅស្រុកកណ្ដាលស្ទឹង ថ្ងៃមុននេះហើយ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសពមនុស្សស្រីម្នាក់ ត្រូវបានគេរុំកន្ទេលផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាលជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងឈានដល់បង្ក្រាបចាប់ឃាត់ខ្លួន ជនសង្ស័យបានហើយ។
គួររំលឹកថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោល នៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញ ចុះធ្វេីការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលជាម្ចាស់ គ្លីនិកពិគ្រោះជំងឺ «ប៉ ខាង»។
ជនសង្ស័យទាំងពីរនាក់ គឺត្រូវជាប្តីប្រពន្ធនឹងគ្នា មានឈ្មោះ ៖
១- ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជាប្តី
២- ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ ៣៩ឆ្នាំ ជាប្រពន្ធ
ចំណែក សាកសពស្ត្រីរងគ្រោះ មានឈ្មោះ BYIN A YEON ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិកូរ៉េ។
ក្រោយសមត្ថកិច្ច ឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ បានសារភាពថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាល នៅគ្លីនិក របស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន ០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់ នៅក្នុងគ្លីនិក របស់ពួកខ្លួន តែម្ដង។ ឃើញដូច្នេះ ជនសង្ស័យ ដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិក របស់ខ្លួន មានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង រួចទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕