គ្រួ​សារស្ត្រីរងគ្រោះចោទ មន្ទីរ​ពហុ​ព្យាបាល​​និង​សម្ភព​អង្គរធំ ​​​វះ​កាត់​ឆ្លង​ទន្លេ​​ ​ប៉ះពាល់ដល់អាយុជីវិតទារក​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយ​ទារក​ម្នាក់ រួម​ទាំង​ក្រុម​គ្រួ​សារ បាន​លើ​គ្នាទៅប្រមូលផ្តុំគ្នា ​នៅ​ពីមុខ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អង្គរធំ ដើម្បី​ទាមទារ​អោយ​ម្ចាស់​គ្លីនិក​នេះ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ទទួលខុសត្រូ​​វ ចំពោះការ​វះកាត់​សម្រាលកូន​មានការ​ធ្វេសប្រហែស បណ្តាល​អោយ​ទារក ​ដែល​ទើប​​កើត​នោះ នៅសល់​តែ​ដង្ហើម​ចុង​ក្រោយ (​រស់​ដោយសារ​តែ​អ៊ុ​ក​ស៊ី​ហ្សែ​ន​)​។
ការ​លើកគ្នា​ទាមទាររក​យុត្តិធម៌​នេះ​ បានបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល នៅសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​មន្ទីរ​ពហុ​ព្យាបាល ​និង​សម្ភព​អង្គរធំ តាម​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​លេខ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
​​ស្ត្រី​ឈ្មោះ ញ៉ែ​ម ស្រី​រ័​ត្ន មាន​លំនៅ​ភូមិ​ស្លែង ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ត្រូវជា​ម្តាយ​ទារក ​បានឲ្យដឹង​ថា រូបគាត់ បាន​គ្រប់​ខែ​មក​សម្រាក​ឆ្លងទន្លេ​កូន​ទី​២ និង​បាន​សម្រាលកូន​ដោយ​វះកាត់​ នៅ​មន្ទីរ​ពហុ​ព្យាបាល​ និង​សម្ភព​អង្គរធំ​នេះ  នៅម៉ោង ១​និង​៣០​នាទី ​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៣។ ហើយ​ពេល​វះកាត់ ​កូន​​មាន​បញ្ហា​សុខភាព​ ដោយ​ឈ្លក់ទឹក​ភ្លោះ​។
ខណៈនោះ ក្រុម​គ្រូពេទ្យ​ ក៏បានរៀបចំ​បញ្ជូនកូន របស់គាត់ ទៅ​កាន់មន្ទីរពេទ្យ​កុមារ​ជាតិ ដោយ​​មិន​បាន​ដាក់​អ៊ុ​ក​ស៊ី​ហ្សែ​ន​សង្គ្រោះឲ្យកូនគាត់ នៅពេល​ដឹក​តាម​ម៉ូតូ​កង់​៣នោះទេ​។​ ហើយ ​​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ត្រូវ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារជាតិ ប្រាប់​ថា ​គ្មាន​សង្ឃឹមទេ គឺទារកនេះ នៅសល់​តែ​ដង្ហើម​ចុង​ក្រោយ​ប៉ុណ្ណោះ​។
ត្រង់ចំណុចនេះ ស្ត្រី​ជា​ម្តាយ ​ក៏​បាន​ចោទប្រកាន់​ថា នេះ​ជា​ការ​ធ្វេសប្រហែស ​របស់​ក្រុម​គ្រូពេទ្យ និង​ម្ចាស់​គ្លីនិក ទើប​​ធ្វើ​ឱ្យ​កូន​របស់​គាត់​ មាន​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត។ ទើបនៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា ក៏​បាន​មក​គ្លីនិក​ខាងលើនេះ សូម​អោយ​ម្ចាស់​គ្លីនិកនេះ ទទួលខុសត្រូវ​ម្តងហើយៗ នៅ​ថ្ងៃទី០៦ ខែមិថុនា ក៏បាន​នាំ​គ្នា​មក​ម្តងទៀត ដើម្បី​ស្នើរ​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​។
ទាក់ទិនបញ្ហានេះដែរ ​ឪពុកទារករងគ្រោះ និង​សាច់ញាតិ ​ក៏បាន​ទ​ទួ​ច​ស្នើ​សុំ​ដល់​សមត្ថកិច្ច ជាពិសេស ​ក្រសួងសុខាភិ​បាល ស្នើឲ្យ​​ជួយ​រក​យុត្តិធម៌ និងជួយអន្តរាគមន៍ ទៅម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អង្គរធំ​  ឲ្យទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួន។

យ៉ាងណាក៏ដោយចុះ មិនទាន់មានការបំភ្លឺណាមួយពីម្ចាស់ ​មន្ទីរ​ពហុ​ព្យាបាល​ និង​សម្ភព​អង្គរធំ​ នៅឡើយទេ នៅថ្ងៃទី០៧ ខែមិថុនា​​ ឆ្នាំ​២០២៣នេះ៕
អត្ថបទដែលជាប់ទាក់ទង