គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត បើកការដ្ឋានជាផ្លូវការ នៅថ្ងៃនេះហើយ..!

រាជធានីភ្នំពេញ ៖ ម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ឆ្ពោះទៅ ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា បោះជំហានទី២ ក្នុងវិស័យផ្លូវល្បឿនលឿន ដោយផ្សារភ្ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាមួយទុនវិនិយោគសរុបជាង ១,៥៨ពាន់លានដុល្លារ ដោយរំពឹងថា នឹងលើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុងផ្ទៃប្រទេស ជំរុញការតភ្ជាប់ ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គ។

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកការដ្ឋានជាផ្លូវការ គម្រោងសាងសង់ ផ្លូវល្បឿនលឿន តភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងនោះដែរ ខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។ ដោយគ្រោងនឹងសាងសង់ តំបន់សេវាកម្ម ឬចំណតឈប់សម្រាក (Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ (Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះ ជាប្រភេទស្ពានបេតុង មានប្រវែង ១៦០០ម៉ែត្រ ទទឹងរួម ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង ២១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន (Underpass) ចំនួន ២កន្លែង។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា៖ ផ្លូវល្បឿនលឿនខ្សែទីពីរ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នាពេលនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០% ជាទុន វិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែក ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគ របស់រាជរដ្ឋាភិបាល។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏នឹងរួមចំណែកនូវថវិកាបដិភាគមួយចំនួនទៀត សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗសម្រាប់គម្រោងទាំងពីរ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា៖ ការសម្រេចបញ្ចេញកញ្ចប់ថវិកាសន្សំរបស់ជាតិ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ជាមួយផ្លូវល្បឿនលឿន និងដាក់ឱ្យប្រើប្រាស់ដោយមិនយកកម្រៃនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ដោយពុំបាច់ចំណាយពេលវេលា និងថវិកាទៀតនោះទេ។

គម្រោងទាំងមូលនេះ នឹងត្រូវអនុវត្តដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ ដែលរំពឹងថានឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ រំពឹងថា នឹងចូលរួមជួយសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ហើយផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោង សម្រាប់រថយន្តកុងតឺន័រ។ មួយវិញទៀត ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅ រាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម។

ក្នុងសុន្ទរកថា សំណេះសំណាលដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដោយសម្រេចបាន នូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងបើកការដ្ឋាននាពេលកន្លងមក។

ទន្ទឹមនេះ សម្តេចតេជោ ក៏បានកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយ និងផ្ដល់ កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) រួមទាំងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសផងដែរ ក្នុងការរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដែលប្រកាសបើកការដ្ឋាននាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការវាយតម្លៃខ្ពស់ និងដឹងគុណចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលជាមិត្តដែកថែប និងស្មោះត្រង់បំផុតរបស់កម្ពុជា ដែលតែងតែជួយដល់ប្រជាជនកម្ពុជា លើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានច្រើនជាងគេ ពិសេសជាប្រទេសលំដាប់ទី១ ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេស ឱ្យត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស និងប្រកបដោយគុណភាព និងស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារគម្រោងសាងសង់នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង