សមត្ថកិច្ចបំបែកសំណុំរឿង ឃាតកម្មសម្លាប់ជនជាតិចិនកាត់ក្បាល ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់
រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ករណីឃាតកម្មសម្លាប់បុរសជនជាតិចិន នៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ចំនួន ៣នាក់ហើយៗថា ការចាប់ខ្លួននេះ ធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីនគរបាល បានឱ្យដឹងថា កាលពីវេលាម៉ោង ១១ និង២៧នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ គេប្រទះឃើញសាកសពអត់ក្បាលដេកស្លាប់ ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ហើយ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក៏បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន ៣នាក់ មានឈ្មោះ៖
១- ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម
២- ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៣- ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
សមត្ថកិច្ចបន្តទៀតថា លុះរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១និង៤៧នាទី ដោយកំណត់បានទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យខាងលើ សមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធ ក៏បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ចំពោះវត្ថុតាងដកហូតរួមមាន៖ រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា០១ដើម, អាវុធ សេកាសេ ០២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។
ផ្អែកតាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០១រំលងអធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន។ ការសម្លាប់នេះ ធ្វើឡើងក្នុងអំឡុងពេល ជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួន ចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថា ជនរងគ្រោះ ទើបបើកប្រាក់បាន ហើយ ក៏មានគំនិតសម្លាប់ជនរងគ្រោះ ដោយយកកន្សែងរឹតក និងយកពូថៅកាត់ក្បាលតែម្តង។
ជនសង្ស័យបន្តទៀតថា មូលហេតុ នៃគារសម្លាប់ គឺដោយសារតែពួកខ្លួន ខឹងជនរងគ្រោះជំពាក់ប្រាក់មិនព្រមសង។
ជនសង្ស័យបន្តទៀតថា ក្រោយពួកខ្លួសម្លាប់ជនរងគ្រោះរួច ក៏បានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះមួយកន្លែងស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅ បានយកទៅបោះចោលនៅស្ពានត្រស់ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួន ក៏នាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាទីកន្លែង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះតែម្តង។
ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធ បានប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។ ហើយ កិច្ចប្រតិបត្តិការនេះដឹកនាំស្រាវជ្រាវ និងស៊ើបអង្កេត ដោយលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន៕