អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន។
សិក្ខាសាលានេះ រៀបចំឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមាន មន្រ្តីមកពីស្ថាប័នជំនាញ-បុគ្គលិក អាជ្ញាធរជាតិអប្សរា សរុបចំនួន១០០នាក់។
នាឱកាសនោះ លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាង លោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាសាលានេះ មានបទបង្ហាញក្រោមប្រធានបទ ៣សំខាន់ៗ៖
ទី១- ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ
ទី២- ការៀបចំបច្ចុប្បន្នភាព ខ្សែទស្សនាប្រាសាទអង្គរវត្ត
ទី៣- កិច្ចការពារព្រៃឈើ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។
លោក សុខ លក្ខិណា សង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិក តាមដានស្តាប់ នូវមតិ និងបទពិសោធន៍ល្អៗ ដែលសមាជិក ក្នុងអង្គសិក្ខាសាលា បានលើកឡើង។ ហើយថា បើមានចម្ងល់ អាចចោទជាសំណួរទៅកាន់វាឃ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិក ជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ។
អាជ្ញាធរជាតិអប្សរា សូមឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូប ចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕
អត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ុំ រិទ្ធី