ប្ដីឈ្មោះ ថុង រស្មី និងប្រពន្ធ ហេង មួយឡេង ថៅកែហាងមាសពេជ្រ នៅក្រុងប៉ោយប៉ែត បោកលុយកូនបំណុល ៦០លានដុល្លាររត់បាត់
ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់ហាងលក់មាសលក់ពេជ្រ ថុង រស្មី ហៅមនោរម្យ និងប្រពន្ធឈ្មោះ ហេង មួយឡេង ដែលមានហាងមាសពេជ្រ វេរប្តូរប្រាក់ ផ្ទះលេខ១៨៩ នៅក្រុងប៉ោយប៉ែត ហៅផ្សារអគ្គ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ខាលិចផ្សារអគ្គ) ពីរនាក់ប្តីប្រពន្ធ ហើយប្តីមានឈ្មោះ ថុង រស្មី និងប្រពន្ធឈ្មោះ ហេង មួយឡេង ហៅចែឡេង បានបិទទ្វារហាងរត់គេចខ្លួន ជាមួយលុយរាប់លានដុល្លារ ធ្វើឲ្យអ្នក ដែលយកប្រាក់ទៅផ្ញើដើម្បីយកការប្រាក់ប្រចាំខែ ផ្អើលឆោឡោ ពេញក្រុងប៉ោយប៉ែត រហូតដល់ខេត្តបាត់ដំបង និងល្បីសុះសាយពេញផ្ទៃប្រទេស។
ការឆរបោកនេះ បណ្តាលឲ្យកូនបំណុលខ្លះ យំសោកបោកខ្លួន ខ្លះខូចចិត្ត ដ្បិតចាញ់បោកគេ ព្រោះចង់បានការប្រាក់ខ្ពស់ ស្ទើរឆ្កួត បាត់បង់វិញ្ញាណ ដោយអស់ប្រាក់ពីខ្លួន រលីងគ្មានសល់។
ម្ចាស់ហាងខាងលើនេះ ត្រូវបានគេដឹងថា មានទាំងផ្ទះសំណាក់ មានហាងលក់មាសពេជ្រ មានតារាងបាល់ទះបាល់ទាត់ មាននិងមានសាលាបង្រៀនឯកជន គឺជាកំពូលអ្នកមានទ្រព្យ មានមុខមានមាត់ម្នាក់នៅក្រុងប៉ោយប៉ែត បានធ្វើឲ្យអតិថិជន មានជំនឿ ហើយនាំគ្នាសម្រុកយកលុយទៅដាក់ ដើម្បីយកការប្រាក់ ព្រោះបានការខ្ពស់ជាងធនាគារ ខ្លះយកប្លង់ផ្ទះ ប្លង់ដីកាត់គ្រីម៉ូតូឡាន ទៅដាក់ធនាគារ ដើម្បីប្រមូលលុយយកទៅតម្កល់ ដើម្បីបានការប្រចាំខែ ខ្លះក៏បានការវិញក្រាស់ក្រែល ឯខ្លះស៊យ ទើបតែដាក់ក៏អស់រលីងពីខ្លួន បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ ហេីយក៏មានអ្នកខ្លះទៀត សំណាងល្អប្រុងនឹងដាក់តែដាក់មិនទាន់ គេលាទៅមុនបាត់។
ក្រោយពីម្ចាស់ហាងខាងលើបិទទា្វរផ្ទះ ទូរស័ព្ទទាក់ទង់មិនបាន បណ្តាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថា ម្ចាស់ហាងដ៏ស្តុកស្តម្ភបិទសាប៊ូទៅ ដោយមិនបានលា ធ្វើម្ចាស់លុយ ដែលផ្ញើយកការប្រាក់ ប្រកាសតាមហ្វេសបុកតាមរកនឹងស្នើឲ្យ សមត្ថកិច្ច តាមចាប់ខ្លួន ជនឆបោកពីរនាក់ប្តីប្រពន្ធខាងលើនេះថែមទៀតផង។ ជាងនេះទៀត ក៏មានជនរងគ្រោះជាច្រើនទៀត បន្តដាក់ពាក្យប្តឹងទៅ សមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែតឲ្យជួយអន្តរាគមន៍ផងដែរ។
យ៉ាងណាក៏ដោយចុះ គឹតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ មិនដឹងនៅទីកន្លែងណានោះទេ..៕