ឆក់កាបូបបាន១០ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស
រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បី បានសម្រេច និងគេចខ្លួនរយៈពេល ១០ថ្ងៃ ពេលនេះ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយៗ បានបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសរួចហើយដែរ។
មន្ត្រីដដែល បញ្ជាក់ថា ករណីខាងលើនេះ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថទេ ប៉ុន្តែក្រោយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃើញការផ្សព្វផ្សាយតាមសារព័ត៌មាន ក៏ដូចជាតាមបណ្តាញហ្វេសប៊ុក ក៏បានចាត់វិធានការណ៍ចុះស្រាវជ្រាវ ដើម្បីរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ រួមមាន៖ ឈ្មោះ ហូយ សុភ័ក្រ អាយុ ១៩ឆ្នាំ មុខរបរសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយចាប់ខ្លួន ជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃ របស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ជាច្រើនលើកមកហើយ តាំងពីឆ្នាំ២០១៩មក ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើក រួចមកហើយដែរ។ ក្នុងនោះ លើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា។
លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់។ លើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរសព្ទ និងលើកទី៤នេះ ក៏បានចេញឆក់កាបូបសារជាថ្មីទៀត បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើម៉ូតូកង់បី ហើយក៏ត្រូវ សមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕