ក្រុមការងារសម្អាតបរិស្ថាន សំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កុំចោលសំរាមតាមដងផ្លូវ ក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ ក្រុមការងារសម្អាតបរិស្ថាន បានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ តទៅទៀត ប្រយោជន៍ ដើម្បីរក្សាអនាម័យ បរិស្ថាន និង​សោភ័ណភាព នៅជុំវិញបរិវេណទីតាំងប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់តែប្រសើរថែមទៀត។

ក្រុមការងារសម្អាតបរិស្ថានអង្គរ បញ្ជាក់ថា ការងារសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ មិនចំពោះតែ នៅក្នុងបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះ ក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ ហើយថា ការយកចិត្តទុកដាក់សម្អាតជាប្រចាំ របស់ក្រុមការងារបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ដូចជា៖ សំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗ ដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។

ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។ អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ ពិសេសបងប្អូនដែលមានជាប់មកជាមួយនូវម្ហូបអាហារ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាម ដើម្បីឱ្យសម្រស់ផ្លូវវង់ធំនេះមានតែភាពបៃតងស្រស់បំព្រង និងគ្មានសំរាម។ ការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូបគឺជាការចាំបាច់ដើម្បីរមណីយដ្ឋានអង្គរគ្មានសំរាម៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោ ជា

អត្ថបទដែលជាប់ទាក់ទង