កូនៗខលមកឪពុកម្តាយ មិនលើកទូរសព្ទ័ ពេលទៅមើល ឃើញស្លាប់​​​​ក្នុង​​ផ្ទះ​ទាំង២នាក់

ខេត្តបាត់ដំបង ​៖ អ្នក​ភូមិ​ និង​សមត្ថកិច្ច​ មានការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​គេ​ប្រទះ​ឃើញ​សាក សព ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ដែល​មាន​វ័យ​ចំណាស់ដេក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​ក្នុងផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ស្ថិត​នៅ​ចំណុច​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ស្លាប់​ដោយសារ​ជំងឺ និង​អត់​អាហារ រហូត​ដល់​សាកសព​ប្ដី​មាន​ក្លិនស្អុយ​ទៅ​ហើយ ​។
តាម​របាយ​ការ​ណ៍​​ សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ សូ សំ​អឿ​ន អាយុ​ ៧៦​ឆ្នាំ (​ប្ដី​) និង ឈ្មោះ អ៊ិ​ត លឿ​ត អាយុ ​៦៦​ឆ្នាំ (​ប្រពន្ធ​) នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

របាយ​ការ​ណ៍​ដដែលបញ្ជាក់​ថា សាកសព​ប្ដី​ ស្ថិត​ក្នុង​សភាព​ហើម​ស្អុយ ដែល​អាច​ស្លាប់​ច្រើន​ថ្ងៃ ដេក​ស្លាប់​ នៅ​លើ​ប៉ៅ​អី រីឯ​សាកសព​ប្រពន្ធ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់ ​។

សាកសព​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​នេះ ត្រូវ​បានកូន​ប្រុស​ឈ្មោះ សូ ច័ន្ទ​ដុល្លា អាយុ​ ៣៣​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ ជា​អ្នក​ប្រទះ​ឃើញ​​ដំបូង​គេ នៅ​ពេល​មក​លេង​ផ្ទះ​ឪពុក​ម្ដាយ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ហើយ​ក៏​មានការ​ភ្ញាក់​ផ្អើល​​ទាំង​សមត្ថកិច្ច​ ទាំង​អ្នក​ភូមិ​តែ​ម្ដង​។

នៅផ្ទះ​កើតហេតុ កូន​ៗ ​របស់​ជន​រង​គ្រោះ បាន​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​ប្រហាក់ប្រហែល​គ្នា​ថា ឪពុក​ខ្លួន​មាន​ជំងឺ​ច្រើន​មុខ​ ដូច​ជា​៖ ជំងឺ​ទឹកនោមផ្អែម ទឹកនោមប្រៃ និង​ជំងឺលើសឈាម​ធ្ងន់​ធ្ងរ តែ​គាត់​​អាច​ដើរ​​បាន។ រីឯ​ម្ដាយ​វិញ​ មាន​ជំងឺ​រ៉ាំរ៉ៃ​​ដេក​លើ​គ្រែ​មិន​អាច​ងើប​រួច​ទេ គឺ​គាត់​កើត​ជំងឺ​ពុក​ឆ្អឹងខ្នង និង​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ។ កូន​ៗ​ បាន​បញ្ជាក់​ថា កូន​ៗ​ទាំងអស់​ រស់នៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្ដាយ មិនសូវ​បាន​ទៅ​លេង​ទេ តែ​យូរ​ៗ​ទើប​ទៅ​លែង​ឪពុក​ម្ដាយ​ម្ដង​។ ហើយមូលហេតុ ដែល​យូរ​ៗ ​ទើប​កូន​ៗ​នាំ​គ្នា​ទៅ​លេង​ឪពុក​ម្ដាយ​ម្ដង ដោយសារ​តែ​ឪពុក​កាច​ពេក​។ គាត់​តែង​ឈ្លោះប្រកែក ឬ​ស្ដី​ប​ន្ទោស​កូន​ៗ ពេល​ទៅ​លេង​គាត់​ម្ដង​ៗ ហើយ​ពេល​ខ្លះ​ឈ្លោះ រហូត​ទាញ​កាំបិតរ​កកាប់​កូនចៅ​ទៀត​ផង​។ ដូច្នេះ​ហើយ ​ទើប​កូន​ៗ​ មិនសូវ​បាន​ទៅ​មើលថែ​ទាំ​ជំងឺ​ពួក​គាត់​ទាំង​ពីរ បាន​ត្រឹម​តែ​ទូរស័ព្ទ​ទៅ​សួរ​សុខទុក្ខ​ប៉ុណ្ណោះ​។

កូនប្រុស​ជន​រង​គ្រោះ លោក សូ ច័ន្ទ​ដុល្លា ដែល​បាន​ប្រទះ​ឃើញ​សព​ឪពុក​ម្ដាយ​ខ្លួន​ដំបូង​គេ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ខ្លួន​បាន​ទូរស័ព្ទ​ទៅ​សួរសុខទុក្ខ​ឪពុក តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​ទេ​ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ខ្លួន​និង​ប្រពន្ធ​កូន​ ក៏​ជិះ​ម៉ូតូ​កង់​បី​ពី​ខេត្តបន្ទាយមានជ័យ ទៅ​ផ្ទះ​ឪពុក​ម្ដាយ​។

លោក ច័ន្ទ​ដុល្លា និយាយ​ថា ពេល​ទៅ​ដល់​ផ្ទះ​ឪពុក​ម្ដាយ ឃើញ​ទ្វាររបង និង​ទ្វារផ្ទះ​ចំហរ​មិន​ចាក់សោរ​ទេ។ ពេល​នោះ ស្រាប់តែ​ខ្លួន​ បានឃើញ​ឪពុក​ដេក​ស្លាប់​លើ​ប៉ៅ​អី រីឯ​ម្ដាយ​ដេក​ស្លាប់​លើ​គ្រែ​ក្នុង​បន្ទប់ គួរ​ឲ្យ​រន្ធត់​ចិត្ត​ក្រៃ​លេង ហើយ​ភ្លាម​ៗ​នោះ ​ខ្លួន​ក៏​ជិះ​កង់​បី​ទៅ​តាម​បងស្រី ឲ្យ​មក​ជួយ​មើល​តែ​ម្ដង​ទៅ​។

សមត្ថកិច្ច​ បាន​ចុះ​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌​មាន​នេះ ដើម្បី​ពិនិត្យ​សាកសព​និង​កន្លែង​កើតហេតុ​។

មន្ត្រី​ជំនាញ​ ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព​ បាន​ឲ្យ​ដឹង​ថា សាក​សព​ប្ដី​មាន​សភាព​ហើម​ស្អុយ ដែល​អាច​ស្លាប់​ មុន​ពេល​កូនប្រុស​ទូរស័ព្ទ​ទៅ​សួរសុខទុក្ខ (០៥ ០៥ ២៣)។ រីឯ​ប្រពន្ធ​ អាច​ស្លាប់​នៅ​ថ្ងៃ​ទី​០៧ ខែឧសភា មុន​ពេល​កូន​ទៅ​ដល់ ព្រោះ​សាកសព​ប្រពន្ធ​ហាក់​មាន​សភាព​ថ្មី​ៗ​។

មន្ត្រី​ដដែល​ បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​លើ​សាកសព​ទាំង​ពីរ ពុំ​មាន​ស្លាក​ស្នាម ឬ​រក​ឃើញ​វត្ថុ​តាង​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៅ​លើ​ករណី​ផ្សេង​ឡើយ​។

ត្រង់​ចំណុច​នេះ បើ​តាម​កំណត់ហេតុ​ របស់​មន្ត្រី​ជំនាញ ដែល​ធ្វើការ​សន្និដ្ឋាន ដោយ​យោង​លើ​ការ​បំភ្លឺ​ពី​កូន​ៗ​ របស់​ជន​រង​គ្រោះ​ ដែល​និយាយ​ពី​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​​ឪពុក​ម្ដាយ​ខ្លួន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សូ សំ​អឿ​ន (​ប្ដី​) អាច​ស្លាប់​ដោយ ​«​គាំងបេះដូង​» ដែល​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្លាំង ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ត លឿ​ត (​ប្រពន្ធ​) អាច​ស្លាប់​ដោយ​ «​អត់​អាហារ​ និង​ជំងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ​» ។

បើ​តាម​កូន​ៗ​ជន​រង​គ្រោះ ក៏​បាន​បញ្ជាក់​ដែរ​ថា កន្លង​មក (​មុន​ពេល​កើត​ហេតុ​) ឪពុក​ខ្លួន​មាន​ជំងឺ​ច្រើន តែ​អាច​ដើរហើរ និង​ធ្វើ​ម្ហូប​អា​ហារ​ឲ្យ​ម្ដាយ​ខ្លួន​ពិសាបាន ព្រោះ​ម្ដាយ​ខ្លួន​ឈឺ​ធ្ងន់ ​ដេក​លើ​គ្រែ​ ងើប​មិន​រួច​ទេ​។

រីឯ​សាក្សី​នៅ​ក្បែរ​ខាង​ ក៏​បាន​និយាយ​ដែរ​ថា កន្លង​មក គេ​តែង​ឃើញ​ប្ដី​ របស់​គាត់​ជិះ​ម៉ូតូ​កង់​បី​ចេញ​ក្រៅ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាត់​គាត់​មិនឃើញ​ចេញ​ក្រៅ​សោះ លុះ​នៅ​ថ្ងៃ​ទី០៧ ខែឧសភា ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា តា​និង​យាយ បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​អស់​ទៅ​ហើយ​។

ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​ប្រាប់​ថា ករណី​ជន​រង​គ្រោះ​ ដេក​ស្លាប់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ផ្សេង​ទេ​។

មន្ត្រី​ជំនាញ​ បាន​ធ្វើការ​សន្និដ្ឋាន​ទៅ​លើ​សព​ជន​រង​គ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ គឺ ជន​រង​គ្រោះ​ប្ដី​ប្រពន្ធ «​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​ដ៏​រ៉ាំរ៉ៃ និង​អត់​អាហារ​»​។

លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បញ្ជាក់​ដែរ​ថា សូ​ម្បី​ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ ​របស់​គាត់ ក៏​ពុំ​មាន​​បាត់បង់​ដែរ ត្រូវ​បាន​រក​ឃើញ និង​ប្រគល់​ជូន​កូន​ៗ​ ជន​រង​គ្រោះ​វិញ​ទាំងអស់​។ ដូច្នេះ​ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ប្ដី​ប្រពន្ធ​ខាងលើ​នេះ គឺ​ស្លាប់​ដោយ​ជំងឺ ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​ឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង