គណៈសង្ឃពុទ្ធសាសនាកម្ពុជា មិនទទួលស្គាល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាបព្វជិតតទៅទៀតទេ
រាជធានីភ្នំពេញ ៖ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ មិនទទួលស្គាល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាបព្វជិត តទៅទៀតឡើយ ហើយចាត់ទុកស្ថិតនៅក្រៅសហគមន៍សង្ឃខ្មែរ។
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មាន ឡាយព្រះហស្ដលេខាដោយសម្ដេចសង្ឃ ចំនួន១០អង្គ គឺប្រកាសមិនទទួលស្គាល់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាបព្វជិត តទៅទៀតឡើយ។ ហើយ ក៏បានចាត់ទុក ព្រះតេជគុណអង្គនេះ ស្ថិតនៅក្រៅសហគមន៍សង្ឃខ្មែរ តទៅ…។
ជាងនេះទៀត គណៈសង្ឃពុទ្ធសាសនាកម្ពុជា ក៏បានចម្រើនពរដល់សាធារណជន ព្រះសង្ឃ គ្រហស្ថទាំងក្នុង ទាំងក្រៅប្រទេស សូមបញ្ឈប់នូវការគោរពបូជា និងបញ្ឈប់ការគាំទ្រទាំងសម្ភារៈ ទាំងស្មារតី ដល់ព្រះតេជគុណ ប៊ុត ប៊ុនតិញ (គណៈសង្ឃពុទ្ធសាសនាកម្ពុជា ហៅថា បុគ្កល) ដើម្បីរារាំងកុំឲ្យបុគ្គលនេះ ធ្វើសកម្មភាពបំផ្លាញពុទ្ធសាសនា និងសង្គមដោយប្រយោលតទៅទៀត ។
គួររំលឹកថា កាលពីជិត ៧ឆ្នាំមុន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានចុះហត្ថលេខា នៅលើអនុក្រឹត្យលេខ ៨៦៦អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្រេចបំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ប្រគេនព្រះតេជគុណ ប៊ុត ប៊ុនតិញ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្កម (បច្ចុប្បន្ន ព្រះតេជគុណ ប៊ុត ប៊ុនតិញ កំពុងគង់នៅបរទេស) ដោយរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា មានស្នាព្រះហស្ថ ក្នុងការរួមចំណែកដល់ការថែរក្សា កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា កន្លងមក ៕