សម្ដេច ហ៊ុន សែន ណែនាំឱ្យសិក្សា និងពិនិត្យលទ្ធភាព ទប់ទឹកបឹងទន្លេសាប កុំឱ្យហូរចេញលឿនពេក
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នជំនាញ និងអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប រួមគ្នាសិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាពទប់ទឹកបឹងទន្លេសាបកុំឱ្យហូរចេញលឿនពេក។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំ បានបង្ហាញថា ដើម្បីទប់ទឹកនេះ គួរសិក្សាលទ្ធភាពសាងសង់ទ្វារទឹកផ្នែកណាមួយ នៅបឹងទន្លេសាប។ ប៉ុន្តែត្រូវសិក្សាអំពីផលប៉ះពាល់ផ្សេងៗលើទិដ្ឋភាពច្បាប់ បរិស្ថាន ដីធ្លី និងការបង្កបង្កើនផល របស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយគេប្រដូចវាជាសមុទ្រទឹកសាប។ នៅរដូវប្រាំង បឹងទន្លេសាប មានវិសាលភាពជាង ២,៥០០ គីឡូម៉ែត្រការ៉េ។ ដោយឡែកនៅរដូវវស្សា ផ្ទៃបឹងទន្លេសាប បានពង្រីកវិសាលភាព របស់វាចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ ម៉ែត្រទៅ ១០ ម៉ែត្រ។
បឹងទន្លេសាប ក៏ត្រូវបានគេចាត់ទុកជាជង្រុកត្រីនៅកម្ពុជា ហើយក៏ជាជម្រកធនធានជលផល និងធនធានជីវៈចម្រុះផងដែរ។
ជាលក្ខណៈធម្មជាតិ បឹងទន្លេសាប ទទួលអំណាចទឹកពីទន្លេសាប នៅរដូវវស្សា ហើយនៅរដូវប្រាំង ទឹកបឹងទន្លេសាប ក៏ហូរចេញវិញ តាមទន្លេសាបនេះផងដែរ។
ហេតុនេះហើយ ទើបនៅរដូវប្រាំងទឹក ក្នុងបឹងទន្លេសាប ត្រូវគោករាក់ និងរួមតូច៕