ជើងខ្លាំងរហស្សនាម(ក្របី) ដែលបាញ់ស្ត្រីម្នាក់របួសធ្ងន់ ជាមនុស្សស្និទ្ធជាមួយឧកញ៉ាៗ មានទ្រព្យនិងមានអំណាច
ខេត្តមណ្ឌលគីរី ៖ ឪពុក-ម្តាយ ជនរងគ្រោះ ដោយការបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ពីសំណាក់ជើងខ្លាំងរហស្សនាម (ក្របី) នៅខេត្តមណ្ឌលគីរី បានសុំការអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយការពារក្តី និងជួយរកយុត្តិធម៌..។
ទាក់ទិនបញ្ហានេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា “ករណីនេះ ឪពុក-ម្តាយ ជនរងគ្រោះ បានមករកការអន្តរាគមន៍ជួយការពារ ពីក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហើយៗ មេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ប្រចាំខេត្តមណ្ឌលគិរី បានសម្រេចទទួលការពារជនរងគ្រោះតាមផ្លូវច្បាប់ នៅសាលាដំបូងខេត្ត ហើយ “។
សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណ ១ និង២០នាទីយប់រំលងអធ្រាត្រថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ នារីវ័យក្មេងស្រស់ស្អាត ជាអ្នកធ្វើសាឡន ម្នាក់ត្រូវ គេលបឆ្មក់បាញ់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការំ៍នោះនេះ បានកើតឡើងនៅចំណុចចំការស្រល់ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយកើតហេតុខ្មាន់កាំភ្លើងបានគេចខ្លួនបាត់។
សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ចន សុវណ្ណណេត ហៅហ្សា មានអាយុ ២៥ឆ្នាំ ជាជាងអ៊ុតសក់ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងស្ទឹងសែន ខេត្តមណ្ឌលគិរី។
សមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ ១គ្រាប់ ដោយអាវុធខ្លី ចំដើមទ្រូងខាងស្ដាំ ក្បាលគ្រាប់ចូលបៀម នៅក្រោមស្លាបប្រចៀវ និងរបួសបញ្ឆឹតដើមដៃ ហើយត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្កែកខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បន្តថា ក្រោយពីខ្មាន់កាំភ្លើងផ្ទុះអាវុធហើយគេចខ្លួនទៅ សមត្ថកិច្ចទទួលបានបណ្ដឹងផ្ទាល់មាត់ភ្លាមៗ ពេលនោះ លោកអធិការនគរបាល ក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់។
តាមសាក្សី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនដៃដល់គឺសង្ស័យឈ្មោះ រស់ ពុទ្ធា ហៅក្របី ភេទប្រុស អាយុ ៤០ឆ្នាំ ជាអ្នករកស៊ី មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ករណីខាងលើនេះ សមត្តកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ និងតាមរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយឡែក គេនៅមិនទាន់ដឹងពីមូលហេតុខ្មាន់កាំភ្លើង ដែលប្រើអំពើបាញ់ប្រហារទៅលើស្ត្រីជាជាងអ៊ុតសក់នោះឡើយទេ ដោយជនរងគ្រោះរបួសធ្ងន់។ ប៉ុន្តែរឿងរ៉ាវពិតយ៉ាងណា នឹងដឹងក្រោយពេល សមត្ថកិច្ច ឃាត់ខ្លួន ជនដៃដល់បាន ៕