សមត្ថកិច្ចខេត្តកំពត នឹងបញ្ជូនសំណុំរឿងករណី អភិបាលរងក្រុងបូកគោ ប្រើហិង្សាលើភរិយា ទៅតុលាការផ្តន្ទាទោស

ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ចន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៣នេះ បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការ របស់លោកថា «ក្រោយធ្វើការសាកសួរ បំភ្លឺ នឹងទទួលបណ្តឹងពីភរិយា លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ច បានសុំគោលការណ៍​​ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពី ឯកឧត្តម ព្រៈរាជអាជ្ញា​ សំរេចឃាត់ខ្លួន លោក គឹម បញ្ញា ដើម្បីបន្តនីតិវិធីទៅតុលាការ ពាក់ពន្ធ័ករណីហិង្សារលើភរិយា​»។

​ករណីសមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួន លោក គឹម បញ្ជា អភិបាលរងក្រុងបូកគោ បានកើតឡើងបន្ទាប់ពី រូបលោកបានប្រើហិង្សាលើភរិយា ជាបន្តបន្ទាប់ រហូតដល់ស្ត្រីជាភរិយាទ្រាំនឹងទង្វើ របស់ប្តីលែងបាន ក៏បានសរសេរសាររៀបរាប់ពីទង្វើអាក្រក់ របស់ប្តី និងស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម ជួយចែករំលោក ឲ្យបានដឹងឮដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីជួយរកយុត្តិធម៌។ ហើយក្រោយបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករួច ក៏ស្រាប់តែ លោក ម៉ៅ ចន្ទមធុរិទ្ធ ស្នង​ការនគរបាលខេត្តកំពត បានបង្ហោះសារនៅលើផេកហ្វេសប៊ុក របស់លោក ដោយតម្រូវឲ្យ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ឲ្យចូលខ្លួនតាមសម្រួល  ដើម្បីមកបំភ្លឺចំពោះការប្រើប្រាស់អំពើហិង្សា​លើ ភរិយា ​នៅអធិការដ្ឋាននគរបាលក្រុងកំពត។  ហើយលោក គឹម បញ្ញា ក៏បានចូលខ្លួន មកបំភ្លឺដោយខ្លួនឯង នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ។ ក្រោយសមត្ថកិច្ច បញ្ចប់ការសាកសួរ និងស្តាប់ការបំភ្លឺ របស់ជនសង្ស័យ​ ហើយដោយមានពាក្យបណ្តឹងពីភរិយាផង លោក គឹម បញ្ញា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ដើម្បីបន្តនីតិវិធីតាមច្បាប់ នៅប្រព័ន្ធតុលាការជាបន្តទៀត។

ខាងក្រោមនេះ ជាខ្លឹមសាររៀបរាប់ពីទុក្ខលំបាក របស់ស្ត្រី ឈ្មោះ ម៉ាត់ លក្ខិណា ត្រូវជាភរិយា​ របស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ដែលបានប្រើ​ហឹង្សា​លើភរិយា របស់ខ្លួន៖ « នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត។  នាងខ្ញុំ បាន​រួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់ នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត។ គាត់បានប្រើអំពើហឹង្សា​ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល​គាត់ធ្លាប់​ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ ​មករហូត។ រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល​គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹង video ទាំងនេះ ដើម្បី​អោយបងប្អូន និងមហាជនជួយរកយុតិ្តធ៌មមកលើរូបនាងខ្ញុំ ផង។ សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះ វាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)។

ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែក ដើម្បីអោយរឿងនេះ បានដឹងដល់ លោកពូ អភិបាលខេត្តកំពត បានជ្រាប នឹង​ជួយរកយុតិ្តធម៌ដល់នាងខ្ញុំ ​ផង។ នាងខ្ញុំ សូមអរគុណ»៕

អត្ថបទដែលជាប់ទាក់ទង