លោក Trump បង្ហាញខ្លួននៅមុខចៅក្រម បន្ទាប់ពីមហាគណៈវិនិច្ឆ័យបានចោទប្រកាន់ រូបលោកពីបទព្រហ្មទណ្ឌ

 

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំងលោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ បានប្រឈមមុខគ្នានៅក្បែរបរិវេណតុលាការព្រហ្មទណ្ឌ Manhattan នៅក្នុងទីក្រុងញូវយ៉ក មុនពេលលោក Trump បង្ហាញខ្លួននៅមុខចៅក្រម បន្ទាប់ពីមហាគណៈវិនិច្ឆ័យបានចោទប្រកាន់រូបលោកពីបទព្រហ្មទណ្ឌ។

មន្ត្រីមានសមត្ថិកិច្ច ត្រូវបានដាក់ពង្រាយ​ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ខណៈក្រុមអ្នកសារព័ត៌មានជាច្រើនក៏កំពុងប្រមូលផ្តុំគ្នាដើម្បីផ្តិតយករូបភាពនិងធ្វើសេចក្តីរាយការណ៍ផ្ទាល់អំពីការនាំខ្លួនឬការបង្ហាញខ្លួនរបស់លោក Trump ទៅកាន់តុលាការ ដែលនឹងធ្វើឡើងនៅវេលាម៉ោងប្រមាណ ២ រសៀលម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ការ​នាំ​ខ្លួន​លោក​ Donald Trump មក​កាន់​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក ​ត្រូវ​គេ​រំពឹង​ថា​ នឹងប្រើរយៈពេល​តិច​ជាង​មួយ​ម៉ោង ​ប៉ុន្តែ​សំណុំ​រឿង​ក្តី​ក្តាំ​មួយ​នេះ នឹង​អាចប្រើពេល​រាប់​ឆ្នាំ​ទៀត​ ដើម្បី​បញ្ចប់ ខណៈពេល​ដែល​អតីត​ប្រធានាធិបតី​ដែល​សម្បូរ​រឿង​ក្តី​ក្តាំមួយ​នេះ​ បង្កើត​ក្រុម​ការពារ​ក្តី​មួយ​ ​ដែល​អាច​ធ្វើ​ឱ្យ​សំណុំ​រឿង​មួយ​នេះ​អាច​អូសបន្លាយ​ពេល​រហូត​ដល់​ក្រោយការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​ ២០២៤​ ដែល​លោក​កំពុង​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​មួយ​រូប​ផង​ដែរ។​ ​

លោក Trump ​បាន​ក្លាយ​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ដំបូង​គេ​ ដែល​ប្រឈម​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ នៅ​ពេល​ដែល​មហាគណៈវិនិច្ឆ័យ​ក្នុង​ទីក្រុង​ New York កាល​ពី​សប្តាហ៍​បាន​បោះឆ្នោត​ ឱ្យ​ចោទ​ប្រកាន់​លោក​ នៅ​ក្នុង​សំណុំ​រឿង​ផ្តល់លុយ​បំបិទមាត់តារាសម្តែងអាសអាភាស​ម្នាក់​គឺ​នាង​ Stormy Daniels ​កាល​ពី​ឆ្នាំ ​២០១៦។

ដីកា​ចោទ​ប្រកាន់​ ដែល​នៅ​បិទជិត​នៅ​ឡើយ​ ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្រោយ​ការ​បង្ហាញ​ខ្លួនរបស់​លោក ​Trump នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ក្នុង​ការ​នាំខ្លួន​លោក Trump ​មកកាន់​តុលាការ ឬ​ការ​បង្ហាញ​ខ្លួនក្នុង​តុលាការ​ជា​លើក​ដំបូង​នេះ​ ចៅក្រម​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​នេះ​ គឺ​លោក​ Juan Merchan។ ចៅ​ក្រម​រូប​នេះ​នឹង​អាន​បទចោទ​ប្រកាន់​ទៅលើ​លោក​ Trump ហើយ​ជា​រឿង​ដែល​គេ​ធ្លាប់តែ​ឃើញ​សម្រាប់​ចុងចោទនានា​ក្នុង​ពេល​កន្លង​ទៅនោះ គឺ​លោក Trump ​នឹង​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ដោយ​និយាយ​ថាលោក​គ្មាន​កំហុស​ឡើយ៕ ​ប្រភព ៖ VOA

អត្ថបទដែលជាប់ទាក់ទង