កូនកម្លោះពីរនាក់ ជាបងប្អូននឹងគ្នា រៀបការកូន​ក្រមុំជាកូនភ្លោះ២គូ ក្នុងថ្ងៃតែមួយ

ខេត្តប៉ៃលិន ៖ ពិតជាពិធីមង្គលការ ដែលប្លែក នាំឲ្យមានការចាប់អារម្មណ៍ពីសាធារណៈជននានា  សម្រាប់ដើមឆ្នាំ២០២៣នេះ ដោយហេតុថា ស្ត្រីជាបងប្អូនភ្លោះ បានរៀបមង្គលការក្នុងថ្ងៃតែមួយ ជាមួយកូនប្រុសត្រូវជាបងប្អូនបង្កើតជាមួយគ្នា។

អាពាហ៍ពិពាហ៍នេះ រៀបចំឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ហើយចាត់ទុកជារឿងចម្លែក ពុំធ្លាប់មាន ដែលកូនកម្លោះពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា រស់នៅខេត្តប៉ៃលិន បានស្គាល់គ្នាជាមួយកូនក្រមុំ ជាកូន​ភ្លោះ ដែលជាអ្នករដើនៅខេត្តបាត់ដំបង តាមរយ:ហ្វេសប៊ុក អស់រយ:ពេលជាង ១ឆ្នាំ រួចក៏ឈានដល់បង្កើតចំណងអាពាហ៍ពិពាហ៍ ជាមួយគ្នា។

ឪពុកកូនកម្លោះ បានឲ្យដឹងថា កូនប្រុសរបស់គាត់ទាំងពីរ បន្ទាប់ពីបានសន្សំលុយចេញទៅរកការងារធ្វើនៅប្រទេសថៃគ្រប់ចំនួន ក៏បានចូលស្តីដណ្តឹងកូនក្រមុំ ជាកូនស្រីភ្លោះ  ដើម្បីរៀបមង្គលការ ចូលផ្ទឹមទាំងពីរគូ ក្នុងរោង និងក្នុងថ្ងៃតែមួយ ជាមួយគ្នាតែម្តង។

លោកឪពុកខាងកូនកម្លោះ បន្តថា រូបគាត់ បានស្នើសុំម្តាយខាងកូនស្រីភ្លោះទាំងពីរ យកមករៀបចំផ្សំផ្គុំ  ឬរៀបមង្គលការ នៅឯផ្ទះរបស់ខ្លួន នៅខេត្តប៉ៃលិន ដោយសារតែ គ្រួសារខាងកូនស្រី មានម្តាយជាស្ត្រីមេម៉ាយ​ ហើយមានជីវភាពខ្វះខាត។

​ឪពុកកូនកម្លោះ ឈ្មោះ ហាម ចាន់តារា អាយុ ៥៧ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ម៉ៅ សុចាន់ណា រស់នៅក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឪពុកកូនកម្លោះ បានឱ្យដឹងថា ​កូនប្រុស របស់គាត់ ដែលរៀបការ ក្នុងថ្ងៃ​តែ១ ពេលនេះ មានឈ្មោះ ៖ ឈ្មោះ រ៉ា ចាន់រក្សា អាយុ ២០ឆ្នាំ និង ឈ្មោះ រ៉ា ចាន់ខាំឈីត អាយុ ១៨ឆ្នាំ។

រីឯខាងកូនក្រមុំភ្លោះ ឈ្មោះ ៖ ម៉ាប់ ផល្លី អាយុ ១៨ឆ្នាំ និង ម៉ាប់ ផល្លា អាយុ ១៨ឆ្នាំ ដូចគ្នា មានស្រុកកំណើត នៅចំណុចប្រឡាយ៧០ ក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយម្តាយ មាន​ឈ្មោះ គយ ចន្ធូ ជាស្រ្តីមេម៉ាយ។

ឪពុកកូនកម្លោះ បន្តទៀតថា ក្រោយពេលចូលស្តីដណ្តឹង ខាងកូនស្រីរួច  គឺរូបលោក មិនទុកយូរទេ ដោយបាននាំយកកូនប្រសារស្រី របស់គាត់ មករៀបចំពិធីផ្សំផ្គុំកូនទាំង ២គូ នៅឯផ្ទះរបស់ខ្លួន។ ហើយ ម្តាយខាងស្រី គាត់ក៏មានការយោគយល់ ដោយយកថ្លៃទឹកដោះ កូនម្នាក់ៗ ត្រឹមចំនួន ៥០០ដុល្លារតែប៉ុណ្ណោះ។

លោកបន្តថា មុនដំបូង ពួកគេបានស្គាល់គ្នា តាមរយ:ការលេងហ្វេសប៊ុក ខណ:កូនប្រុសទាំងពីរនាក់របស់គាត់ កំពុងធ្វើការនៅប្រទេសថៃ។ ក្រោយមក កូនប្រុសម្នាក់ ក៏បានវិលត្រឡប់មកពីប្រទេសថៃ មកស្រុកកំណើតវិញ ដើម្បីទៅលេងផ្ទះខាងកូនក្រមុំ ក៏ចាប់ចិត្តស្រឡាញ់ កាន់តែខ្លាំង។ ហើយ បន្ទាប់មក ក៏ឈានដល់ធ្វើពិធីបង្គោលការតែម្តង ដោយកូនប្រុសច្បង រៀបការជាមួយកូនស្រីភ្លោះបង ហើយកូនប្រុសប្អូន រៀបការជាមួយកូនស្រីភ្លោះប្អូន មានន័យថា បង យកបង ប្អូន យកប្អូន។

លោក បន្តថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចរាល់ កូនប្រុសរបស់គាត់ទាំងពីរនាក់ នឹងទៅរស់នៅផ្ទះខាងម្តាយក្មេក   ហើយរកការងារធ្វើនៅក្នុងស្រុកវិញ គឺឈប់ចេញទៅធ្វើការងារ នៅប្រទេសថៃទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង