ស្ត្រីម្នាក់បើកម៉ូតូបុកដើមត្នោត ដាច់ជា២កំណាត់ ស្លាប់នៅមណ្ឌលសុខភាព
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានស្ត្រីរងគ្រោះ ០១នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារម៉ូតូជាប់ហ្គារ រួចជ្រុលទៅបុកដើមត្នោត រងរបួសធ្ងន់ ហើយត្រូវ សមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ប៉ុន្តែជាអកុសល ស្រ្តីរងគ្រោះ បានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចម្តុំផ្លូវកោងស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៦ និង ៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-2018 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែម៉ូតូជាប់ហ្គារ រួចជ្រុលទៅបុកនឹងដើមត្នោត ដែលនៅជាប់នឹងផ្លូវ បណ្តាលឲ្យដាច់ម៉ូតូ ជាច្រើនបំណែក ហើយស្ត្រីអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។
លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយសមត្ថកិច្ចទទួលបានរាយការណ៍ របស់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់ខាងលើ កម្លាំងជំនាញអធិការដ្ឋាន ក៏បានចុះដល់ទីតាំងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ ស្ត្រីរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពតាសាស់។
លោកអធិការបន្តថា ជនរងគ្រោះមានឈ្មោះ អែម សុខា ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន សពនិងវត្ថុតាង សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕