សម្ដេច ហ៊ុន សែន ៖ បាតុភូតធម្មជាតិព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬបាតុភូត EQUINOX
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការ របស់សម្ដេច យ៉ាងដូច្នេះថា៖ បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន ២លើក គឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីល្ងាច និងខែកញ្ញា។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាព នៃប្រាសាទអង្គរវត្ត ដែល បុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ រវាង ផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
សូមសមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងអញ្ជើញ ទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយ នៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”៕