អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា ខណៈអត្រាអ្នកស្លាប់និងរបួស កើនច្រើន
ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជាថ្មីម្តងទៀត បានផ្ញើសារក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានយន្តគ្រប់ប្រភេទ ស្នើឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា ទោះចម្ងាយផ្លូវជិតឬឆ្ងាយបែបណាក្តី។
ការអំពាវនាវនេះ បានកើតឡើង បន្ទាប់ពីសង្កេតឃើញថា នៅមូលដ្ឋានខេត្តព្រះសីហនុ បានបន្តកើតមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើនករណី។
ផ្តើមពីបញ្ហានេះ លោក គួច ចំរើន បានលើកទឹកចិត្ត និងកោតសរសើរដល់ប្រជាពលរដ្ឋ អ្នកបើករបរ ជាពិសេស អ្នក ជិះម៉ូតូ ដែលបានពាក់មួកសុវត្ថិភាព បានត្រឹមត្រូវ នៅតាមដងផ្លូវ ឬពេលធ្វើដំណើរតាមម៉ូតូ នៅក្នុងខេត្តព្រះសីហនុ ប្រយោជន៍ដើម្បីការពារអាយុជីវិតរបស់ខ្លួន។
បន្ថែមលើនេះ លោកអភិបាល ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ មួយចំនួន ដែលមិនទាន់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួននៅឡើយ សូមកែប្រទម្លាប់អាក្រក ងាកមកចូលរួមគោរពច្បាប់ ឲ្យបានគ្រប់គ្នា ជាពិសេសត្រូវ គិតពីសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានច្រើន ជាជាង មកខឹងសម្បារជាមួយ កម្លាំងសមត្ថកិច្ច ដែលដាក់ប៉ុស្តិ៍ពង្រឹងច្បាប់ចរាចរណ៍ ឬផាកពិន័យ នៅតាមដងផ្លូវនានា។ ជារួម អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវនាំគ្នាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា ដោយមិនត្រូវឃើញកម្លាំងនគរបាលដាក់ប្រចាំការ នៅតាមដងផ្លូវ ទើបគោរពច្បាប់នោះទេ៕