ការីទេសចរណ៍ និងអ្នកសារព័ត៌មាន ធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍ ព្រៃឡង់

ខេត្តព្រះវិហារ ៖ មន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ថា គម្រោង របស់ខ្លួនបានសហការជាមួយអង្គការ NTFP-EP និងក្រសួងទេសចរណ៍ ដើម្បីធ្វើទស្សនកិច្ចសិក្សា សម្រាប់ការីទេសចរណ៍ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និង អ្នកសារព័ត៌មាន ដើម្បីទស្សនាសហគមន៍អេកូទេសចរណ៍ចំនួនបីតំបន់ ដែលតំបន់ទាំងនោះ រួមមាន៖ សហគមន៍អេកូទេសចរណ៍ តាំងយូ ខេត្តព្រះវិហារ, សម្រស់កោះហាន ខេត្តស្ទឹងត្រែង, និង កោះសាមសិប ក្នុងខេត្តក្រចេះ។

ប្រភពដដែលបញ្ជាក់ទៀតថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ សរុបចំនួន ២៥នាក់។

នៅសហគមន៍តាំងយូ ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង អ្នកចូលរួមដំណើរកម្សាន្ត បានឡើងជណ្តើរដែលទើបនឹងសាងសង់រួច ដើម្បីឡើងទៅលើកំពូលភ្នំ ហើយពួកគេរីករាយក្នុងការដើរព្រៃ បោះជំរំលើកំពូលភ្នំ ទស្សនារូងភ្នំ លេងទឹកជ្រោះ ទស្សនាទីសក្ការបូជា និងវត្តអារាមជាច្រើន ហើយបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាត នៃផ្ទាំងថ្ម ផ្កាព្រៃជាច្រើនប្រភេទ ជាពិសេសផ្កាកេសកូល និង ដើមឈើធំៗ។

នៅកោះហាន និង កោះសាមសិប ដែលស្ថិតនៅលើកោះ តាមបណ្តោយទន្លេមេគង្គ អ្នកចូលរួមបានបោះជំរំ និងបរិភោគអាហារក្នុងស្រុក នៅលើឆ្នេរខ្សាច់បង់សំណាញ់នេសាទ ទស្សនាសត្វស្លាប ថតរូបកាឡាក់ស៊ី Milky Way ដ៏ស្រស់ស្អាតនៅពេលយប់ និងមើលថ្ងៃរះ និងថ្ងៃលិចដ៏អស្ចារ្យ ។ ពួកគេក៏រីករាយនឹងការជិះទូកកាយ៉ាក់តាមដងទន្លេ និង លេងបាល់ទាត់នៅលើឆ្នេរខ្សាច់ ដែលពួកគេបោះជំរំ។

ដំណើរកម្សាន្តនេះ ត្រូវបានរៀបចំឡើង ដើម្បីណែនាំសហគមន៍អេកូទេសចរណ៍ចំនួនបី ដែលត្រូវបានគាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតង និង អង្គការ NTFP-EP ដល់ការីទេសចរណ៍ និង ផ្សព្វផ្សាយសហគមន៍ទាំងនេះ តាមរយៈអ្នកមានឥទ្ធិពល លើបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យមកទស្សនា ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ការីទេសចរណ៍ បានយល់ដឹងពីអ្វី ដែលសហគមន៍ទាំងនេះ អាចផ្តល់ជូនពួកគេ នឹងអាចណែ នាំតំបន់ទាំងនេះ ដល់អតិថិជនរបស់ពួកគេ។

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម នឹងណែនាំកន្លែងទាំងនេះទៅកាន់អ្នកគាំទ្រ របស់ពួកគេ តាមរយៈវីដេអូ និង មាតិកាផ្សេងៗនៅលើបណ្តាញសង្គម។ នៅពេលដែលសហគមន៍ទទួលបាន អត្ថប្រយោជន៍ពីអេកូទេសចរណ៍ ក្នុងការបង្កើនជីវភាពរស់នៅ ធ្វើឱ្យមានការយល់ដឹងកាន់តែប្រសើរឡើង អំពីទំនាក់ទំនង រវាងការគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយនិរន្តរភាព និងប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិ។

សកម្មភាពនេះ នឹងលើកទឹកចិត្តដល់សហគមន៍ និង អាជ្ញាធររដ្ឋបាល ក្នុងការចាត់វិធានការកាន់តែខ្លាំង ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មធនធានធម្មជាតិ ដើម្បីធានានូវភាពជោគជ័យ នៃសហគមន៍អេកូទេសចរណ៍ ៕ ដោយ៖ ណយ នឿន (បភពៈ USAID – ព្រៃឡង់បៃតង)

អត្ថបទដែលជាប់ទាក់ទង