ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិចធំមួយក្បាលទៀត លែងចូលក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ រូបលោក បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួនមួយក្បាលទៀត ទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។ ហើយថា  ទាំងការលែងលើកនេះ គឺជាលើកទី១៣៦ហើយ។

លោកបន្តថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅលែងម្តងៗ រូបលោក តែងមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ដែលបានលែងនោះ សម្រាប់ជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។  ហើយសៀល ដែលកឹបលើសត្វល្មិចលើកនេះគឺ KH 0805។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ការកឹបសៀលសម្គាល់បែបនេះ គឺបើយោងតាម ការងារអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ប្រសិនបើ មានការនេសាទបានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទទាំងអស់ ទាំងនៅក្នុងប្រទេសកម្ពុជា ឬអ្នកនេសាទ នៅតាមបណ្តាប្រទេសនានា នឹងលែងចូលទៅក្នុងសមុទ្រធម្មជាតិវិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ស្មារតី របស់ប្រជានេសាទកម្ពុជា ទាំងអស់ ដែលកន្លងមក និងបន្តមកដល់បច្ចុប្បន្ននេះ បានបន្តសហការផែនការអភិរក្សសត្វកម្រ ជាមួយរូបលោក ក៏ដូចជា ចូលរួម ជួយការពារអភិរក្សសត្វសមុទ្រកម្រ នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង