លោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រងការចោទប្រព្រឹត្តអំពើពុករលួយ ពីគម្រោងអភិវឌ្ឍន៍នានា ក្នុងក្រសួងនេះ

រាជធានីភ្នំពេញ ៖ មន្ដ្រីរាជការ បម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនទៀត បានចោទ លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថាបានកាត់លុយភាគរយ លើគម្រោងអភិវឌ្ឍន៍
នានា របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រយោជន៍បក្ខពួក ផ្ទាល់ខ្លួន ។ ហើយថា ការកាត់នេះ មានរហូតដល់ប្រមាណ ២០ភាគរយ ជាពិសេសចំពោះ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាជាតិ។

ប្រភពបន្តទៀតថា រាល់គម្រោងនានា នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ គឺលោក ភួង សោភា ជាអ្នកគ្រប់គ្រង ឬជាអ្នកចាត់ចែង..។

ប្រភព ឲ្យដឹងដូច្នេះ រួច បន្តថា កាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ មានខ្ទង់ថវិកាចំណាយចំនួន ៨៧០,៤១០ លានរៀល ឬប្រមាណជាង ២០០ លានដុល្លារអាមេរិក (ក្នុងនោះថវិកាវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ៥៤១,៥១៥ លានរៀល និងថវិកាជាតិ ៣២៨,៨៩៥ លានរៀល)។ ដូច្នេះតាមរូបមន្ដ «កាត់កងភាគរយ» រហូតដល់ប្រមាណ ២០ភាគរយ របស់ លោក ភួង សោភា នៅលើគម្រោងអភិវឌ្ឍន៍នានា ដែលប្រើប្រាស់ថវិកាជាតិ
ប្រមាណជាង ៨០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ កន្លងទៅគឺ លោក ភួង សោភា និងបក្ខពួក អាចរកប្រយោជន៍មិនតិចជាង ១០លានដុល្លារ នោះទេ។

ត្រង់ចំណុច លោក ភួង សោភា និងបក្ខពួក កាត់យកលុយ ២០ភាគរយ ទៅលើគម្រោងមួយចំនួន ខាងលើនេះ ប្រភពបញ្ជាក់ថា បានធ្វើឲ្យលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ ក្រសួងអភិវឌ្ឍន៍ជនបទ គឺមិនអាចឆ្លើយតប ឲ្យចំគោលដៅអភិវឌ្ឍន៍ពិតប្រាកដ ស្របតាមកម្មវិធីនយោបាយ របស់ រាជរដ្ឋា
ភិបាលកម្ពុជា នោះឡើយ។

ផ្តើមពីបញ្ហានេះ មន្ដ្រីរាជការមួយចំនួន បានសំណូមពរដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះពិនិត្យ
និងមានវិធានការ ទៅលើលើករណីចោទប្រកាន់ថា លោក ភួង សោភា និងបក្ខពួក បានកាត់លុយ ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ថវិកាជាតិ កុំឲ្យបាត់បង់ជាបន្តទៀត។

យោងតាមឯកសារ មួយចំនួន បានបង្ហាញថា ដើមហេតុនាំឲ្យ លោក ភួង សោភា និងបក្ខពួក ហ៊ានកាត់លុយ ២០ភាគរយ រាល់គម្រោងអភិវឌ្ឍន៍មួយចំនួន នៅក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដោយសារ អង្គភាពលទ្ធកម្ម ឬហៅកាត់ថា «អ.ល» របស់ក្រសួងនេះ ជាកន្លែងបំប៉ោងគម្រោង លើការចំណាយលុយរដ្ឋ ដ៏ច្រើនសន្ធឹកសន្ធាប់ លើស
ពីទីផ្សារសេរីមួយគុណជាពីរ..។ ក្នុងនោះ គ្រាន់តែគម្រោងធំៗចំនួន ៤ប៉ុណ្ណោះ គឺក្រសួងនេះ បានចំណាយថវិការដ្ឋ អស់ច្រើនសន្ធឹកសន្ធាប់ រួមមាន៖

ទី១- ជួសជុល
អគារទីស្ដីការក្រសួង ចាយអស់ថវិកាជាតិជិត ២០ម៉ឺនដុល្លារ។ ហើយ ការជួសជុលប្រើពេលត្រឹមតែ ៣ខែ ចាប់ពី ខែមីនា ដល់ ខែមិថុនា ឆ្នាំ២០២១។

ទី២- អ.ល បានទិញសម្ភារបរិក្ខាមិនមែនព័ត៌មានវិទ្យា ចាយអស់ទឹកប្រាក់ ២,៤៤៣.៧០ លានរៀល (ពីរពាន់បួនរយសែសិបបីលាន
រៀល) ឬស្មើ ៦០ម៉ឺនដុល្លារ ក្នុងរយៈពេល ០១ឆ្នាំ ដោយចាប់ផ្ដើមទិញ សម្ភារៈទាំងនោះ ចាប់ពី ខែកុម្ភៈ ដល់ ខែឧសភា
ឆ្នាំ២០២១។

ទី៣- អ.ល ទិញសម្ភារបរិក្ខាព័ត៌វិទ្យាកុំព្យូទ័រ គិតចាប់ពី ខែកុម្ភៈ ដល់ ខែឧសភា ចំណាយថវិកាជាតិជាង ១៩ ម៉ឺនដុល្លារ បើឬស្មើចំនួន ៧៧១.៨០ លានរៀល។

ទី៤- ការចំណាយ ប្រេងឥន្ធនៈ គិតចាប់ពី ខែមករា ដល់ ខែធ្នូ ឆ្នាំ២០២១ អ.ល បានចំណាយថវិកាជាតិទាំងពីរឆមាស អស់ទឹកចំនួន ប្រាំបីរយប្រាំបីលានរៀល ឬស្មើ ២០ ម៉ឺនដុល្លារឯណោះ។

យ៉ាងណាក៏ដោយចុះ ជុំវិញករណីចោទប្រកាន់ខាងលើនេះ មិនទាន់អាចទាក់ទង លោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលត្រូវជាប្អូនថ្លៃ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងអភិ​វឌ្ឍន៍ជនបទ ដើម្បីស្នើសុំការបំភ្លឺ បាននៅឡើយទេ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

យ៉ាងណា លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា « ខ្ញុំមិនបានដឹងរឿងនេះទេ ហើយខ្ញុំ ក៏បានឃើញព័ត៌មាន
នេះដែរ តែមិនមានប្រភពច្បាស់លាស់ថា ជាមួយគម្រោងណា ឬក្រុមហ៊ុនណា? ហើយមន្រ្តីណា? បើប្អូនមានប្រភពច្បាស់ជាងនេះហើយអាចយកជាការបាននោះ អាចជួយផ្តល់ឲ្យខ្ញុំផង ដើម្បីធ្វើការសិក្សាបន្ថែម និងវាយតម្លៃថា វាមានភាពជាក់លាក់កម្រិតណា។ សូមអរគុណប្អូនចំពោះ
កិច្ចសហការ »៕

អត្ថបទដែលជាប់ទាក់ទង