ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ៤គ្រឿង ជួយស្វែងរកអ្នកនេសាទ២នាក់ កំពុងបាត់ខ្លួន លើលម្ហសមុទ្រ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា មានករណីលិចទូកនេសាទ ០១គ្រឿង និងបាត់ខ្លួនមនុស្សចំនួន ០២នាក់ នៅលើលម្ហសមុទ្រ កាលពីម៉ោង ប្រមាណ ៣ រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។
លោកឧកញ៉ា បន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ចំនួន ០៤គ្រឿង ដើម្បីរុករកជនរងគ្រោះ ដែលបាត់ខ្លួន នៅលើលម្ហសមុទ្រនោះ ប៉ុន្តែមកដល់ម៉ោងជាង ៣រសៀល ថ្ងៃចន្ទនេះ មិនទាន់ក្រុមការងារសង្គ្រោះ មិនទាន់រកឃើញជនរងគ្រោះ នៅឡើយទេ។
តាមការបញ្ជាក់ របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីន ប្រភេទគោយន្ត ហើយបានលិច នៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ វេលាម៉ោង ៣ រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។
ម្ចាស់ទូកដដែល បន្តថា នៅលើទូកនេសាទ ដែលលិចនោះ មានមនុស្សចំនួន ០២នាក់ មានឈ្មោះ អា ស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ។
ករណីលិចទូកខាងលេីនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង និងមានទឹករលកធំៗបណ្តាលឲ្យទូកលិចតែម្តង។
យ៉ាងណាក៏ដោយចុះ ពេលនេះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ចំនួន ០៤គ្រឿង ទៅសហការជាមួយកម្លាំងសម្ថកិច្ចជំនាញ ដើម្បីស្វែងរកជនរងគ្រោះ ទោះបី សកម្មភាពស្វែងរក ក្នុងលម្ហសមុទ្រ បានជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់ និងរលកខ្លាំងៗ បែបណាក្តី។
លោកឧកញ៉ា ទៀត វិចិត្រ សង្កត់ធ្ងន់ថា ករណីលិចទូក បាត់ខ្លួនអ្នកនេសាទ ០២នាក់ ខាងលើនេះ រូបលោក ក៏ដូចជាក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន G.T.V.C នឹងព្យាយាមស្វែងរកជនរងគ្រោះ ឲ្យអស់ពីលទ្ធភាព..៕