លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចធំមួយក្បាលទៀត ទៅលែងក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបន្តនាំយកសត្វល្មិច ធំមួយក្បាលទៀត ដើម្បីយកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ក្នុងផែនការអភិរក្សសត្វកម្ររបស់លោក។

សកម្មភាពនេះធ្វើឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដែលលោកឧកញ៉ា បញ្ជាក់ថា ជាការនាំយកសត្វល្មិច ទៅលែងលើកទី១៣៥។

លោកឧកញ៉ា បន្តថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅលែងម្តងៗ រូបលោកតែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ ឬសត្វល្មិច ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។  ហើយថា សៀលដែលកឹបលើសត្វល្មិចលើកនេះគឺ KH 0804។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ព្រោះប្រសិនបើមានការនេសាទបានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។
លោកបន្តថា នៅពេលអ្នកនេសាទកម្ពុជា ភាគច្រើន នេសាទបានសត្វល្មិច ពួកគាត់តែងតែនាំយកមកប្រគល់ជូនរូបលោកជាបន្តបន្ទាប់ ដើម្បីលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការ របស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

អត្ថបទដែលជាប់ទាក់ទង