ចៅក្រមស៊ើបសួរ ចេញដីកាចាប់ខ្លួន បុរសពាណិជ្ជករម្នាក់ ករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារ

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោកស្រី ហុង ម៉ារីណិច កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន បុរសវ័យចំណាស់ម្នាក់ឈ្មោះ ផៃ ប៊ុនធឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ មានទីកន្លែងកំណើតនៅ ភូមិស្រុកធំ ឃុំជើងកើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៥ ភូមិព្រែកតាឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ប្រព្រឹត្តនៅភូមិព្រែកតាឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ តាមមាត្រា២៣១ កថាខណ្ឌទី៣ ចំណុចទី នៃច្បាប់ស្តីពីរឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការ ទូទាត់សងប្រាក់។

យោងតាមរបាយការណ៍អនុវត្តដីកាបង្គាប់ ឱ្យនាំខ្លួនលេខ៦៤ ចុះថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានចុះស្រាវជ្រាវស្វែងរក ឈ្មោះ ផៃ ប៊ុនធឿន នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ប៉ុន្តែឈ្មោះ  ផៃ ប៊ុនធឿន ពុំមានវត្តមាននៅក្នុងមូលដ្ឋាននោះឡើយ។

អំពើរបស់ជនត្រូវចោទ ឈ្មោះ ផៃ ប៊ុនធឿន ជាបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ស្មើ ឬលើសមួយឆ្នាំ ប៉ុន្តែជននេះពុំបានចូលបង្ហាញខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលនោះទេ និងមានចេតនាគេចវេសជាបន្តបន្ទាប់ ហើយជននេះ បានគេចខ្លួនមិនដឹងទៅរស់នៅកន្លែងណាឡើយ។

តំណាងអយ្យការ បានផ្តល់យោបល់ឱ្យចៅក្រមស៊ើបសួរពិនិត្យសម្រេចតាមនីតិវិធី ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី គប្បីចេញដីកាចាប់ខ្លួនជននេះ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ទើប លោកស្រីចៅក្រមស៊ើបសួរសម្រេច៖

១. បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ផៃ ប៊ុនធឿន ភេទប្រុស អាយុ ៥៦ឆ្នាំ មានអត្តសញ្ញាណដូចខាងលើ។

២. បង្គាប់ឱ្យគ្រប់ភ្នាក់ងារមានសមត្ថកិច្ច និងកងកម្លាំងសាធារណៈទាំងអស់ស្រាវជ្រាវស្វែងរកចាប់ និងនាំខ្លួនជននេះទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកណ្តាល ហើយត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលដីកានេះ ត្រូវបានបង្ហាញ។

៣. បង្គាប់ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តកណ្តាល ឱ្យទទួល និងឃុំខ្លួនជននេះ ហើយអនុវត្តបន្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង