ភ្ញៀវទេសចរភ្លូកទឹកភ្លូកដី សម្រុកមកកម្សាន្ត ខេត្តព្រះសីហនុ ឆ្លងឆ្នាំសកល២០២៣

ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិច្រើនកុះករ បានសម្រុកធ្វើដំណើរមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ។

ក្រុមអាជីវករ ឆ្នេរអូរឈើទាល បានឲ្យដឹងនៅយប់ពាក់កណ្តាលអធ្រាត្រ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ថា ភ្ញៀវទេសចរជាតិ ឬភ្ញៀវក្នុងស្រុក បានបង្ហាញវត្តមានច្រើន នៅតាមទីតាំងប្រកបរបរទទួលទាន របស់ពួកគេ ស្ទើររកកន្លែងឲ្យភ្ញៀវអង្គុយពុំបាន..។

ដោយឡែក អ្នកគ្រប់គ្រង និងម្ចាស់ហាង ៨៨៨ មានទីតាំងនៅឆ្នេរអូរឈើទាល គឺលោក គឹម ប៊ុនធឿន មានប្រសាសន៍ថា ហាង របស់គាត់ បានត្រៀមលក្ខណៈប្រុងជើងការជាមុន ដើម្បីរង់ចាំទទួលភ្ញៀវទេសចរ ចូលកម្សាន្ត នាឱកាសពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣នេះ ដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស កន្លែងអង្គុយ បានស្ថាបនាឡើងមានផាសុកភាព បរិស្ថានល្អ ដោយតុបតែងភ្លើងបំភ្លឺចម្រុះពណ៌ និងអាហារ មានរសជាតិឆ្ងុយឆ្ងាញ់ មានអនាម័យ ព្រមទាំងមានតម្លៃសមរម្យ ថែមទៀតផង..។

លោកបន្តថា ហាងរបស់លោក ពិតជាមានភ្លៀងច្រើនកុះករ ចូលមកអង្គុយលម្ហែ ស្រូបយកខ្យល់ជំនោរសមុទ្របក់ត្រសៀកៗ ស្តាប់តន្ត្រី និងទស្សនាការបាញ់កាំជ្រួច យ៉ាងសប្បាយរីករាយបំផុត..។ ហើយថា ទំនងជាភ្ញៀវទេសចរទាំងនោះ នឹងអង្គុយសម្រាកលម្ហែ ជាមួយការចាក់បទភ្លេងរាំសប្បាយរីករាយ ទល់ភ្លឺក៏ថាបាន..។ ហើយថា បើភ្ញៀវ គាត់ចង់អង្គុយ ឬសំណូមពរ ឲ្យបើកទល់ភ្លឺ  គឺហាង របស់លោក រីករាយ ទទួលស្វាគមន៍ ដោយរីករាយ និងបើកកំដរភ្ញៀវ រហូតភ្លឺ ដោយមិនបិទទ្វារទេ..។

ជាងនេះទៀត ពួកគាត់ម្នាក់ៗ បានបង្ហាញទឹកមុខសប្បាយរីករាយ ហើយជួបជុំ ទទួលអាហារសមុទ្រ យ៉ាងឆ្ងាញ់ពិសាថែមទៀតផង។

មិនខុសគ្នាឆ្នេរអូរឈើទាលទេ ងាកទៅឆ្នេរអូរត្រេះ និងឆ្នេរសណ្ឋាគារ ៧ជាន់ ឬឆ្នេរឯករាជ្យ ជាដើម ក៏មានភ្ញៀវទេសចរច្រើនកុះករ បានទៅអង្គុយកម្សាន្ត និងជួបជុំពិសាអាហារ ទស្សនាការបាញ់កាំជ្រួច យ៉ាងសប្បាយរីករាយផងដែរ..៕

អត្ថបទដែលជាប់ទាក់ទង