លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅសង្គ្រោះ ស្រ្តីមានផ្ទៃពោះម្នាក់ ឈឺធ្លាក់ឈាមធ្ងន់ធ្ងរ នៅលើកោះរ៉ុង
ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦ និង២០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមានផ្ទៃពោះម្នាក់ ដែលមានអាការៈធ្លាក់ឈាម រស់នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីមានផ្ទៃពោះរូបនេះ ឈ្មោះ ជួ បុផ្ផា អាយុ ២២ឆ្នាំ កំពុងមានផ្ទៃពោះ ៣ខែ មានប្តីឈ្មោះ កង ធារ៉ា អាយុ ២៤ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្រ្តីមានផ្ទៃពោះខាងលើនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕