សមត្ថកិច្ច ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅ សុខ សុផា ករណីស៊ីដាច់លុយជនក្រីក្រ ជាង៦០លានរៀល
ខេត្តកណ្តាល ៖ សមត្ថកិច្ចខេត្តកណ្តាល បានឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធករណីកឹបលុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ប្រភពមួយចំនួន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថា ក្រុមការងារចម្រុះ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំកម្លាំង ចុះសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះស្រាវជ្រាវជាបន្ទាន់ នូវភាពមិនប្រក្រតី នៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតឈានដល់ សមត្ថកិច្ច ឃាត់ខ្លួនស្មៀនសាលាសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ។
ទាក់ទិនករណីនេះ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បានបដិសេធន៍ថា មិនបានដឹងសមត្ថកិច្ចចាប់ឃាត់ស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា នៅឡើយទេ ហើយស្នើឲ្យ អ្នកសារព័ត៌មាន សមត្ថកិច្ច រដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលខេត្តកណ្តាលជំនួសវិញ។
យ៉ាងនេះក្តី ប្រភពផ្សេងទៀត បានឲ្យដឹងថា ពិតជាមានករណីចាប់ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ប្រាកដមែន បន្ទាប់ពី ក្រុមចម្រុះ របស់ក្រសួងសង្គមកិច្ច តំណាងសាលាខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកអភិបាលក្រុងតាខ្មៅ បានចុះពិនិត្យស្រាវជ្រាវករណីខាងលើនេះ។ ជាងនេះទៀត ក៏បានឃើញលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានយកលុយជាង ៦០លានរៀល មកតម្កល់ឲ្យខាងក្រសួងសង្គមកិច្ចវិញផងដែរ។
យ៉ាងនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់មានប្រភពទាក់ទង លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ដើម្បីបំភ្លឺករណីចោទប្រកាន់ ខាងលើបានទេ។
ចំណែក លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោកអភិបាលក្រុងតាខ្មៅ ក៏មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺនៅឡើយទេ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕