រថយន្តស្លាកលេខ ខេមរភូមិន្ទ១គ្រឿង ដឹកគ្រឿងញៀន២០០គីឡូក្រាម ត្រូវបែកការពេលជួប គ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរណ៍ ដែលបង្កឡើងដោយរថយន្ត ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1415 (ពណ៌ត្រេអ៉ី) ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ច ឆែករកឃើញដឹកគ្រឿងញៀន រាប់រយកញ្ចប់ ឬរាប់រយគីឡូក្រាម។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់បឋមថា រថយន្ត ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1415 ខាងលើ ក្នុងពេលជួបគ្រោះថ្នាក់ចរាចរណ៍ ក៏បានជ្រុលបុករះរថយន្តច្រើនទៀត ស្ថិតនៅតាមណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

យ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបង្កឲ្យមនុស្សមានរបួសឡើយ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺសមត្ថកិច្ច បានឆែករកឃើញគ្រឿងញៀន ជាច្រើនកញ្ចប់ នៅក្នុងរថយន្តខេមរភូមិន្ទ។

 

ចំពោះករណីនេះ លោក អ៉ិន សុង នាយរង និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបណ្តាញសារព័ត៌មានមួយចំនួន ដកស្រង់សំដីមកចុះផ្សាយថា គ្រឿងញៀន ដែលសមត្ថកិច្ច រកឃើញក្នុងរថយន្តស្លាកលេខ ខេមរភូមិន្ទ មានចំនួន ២០០ដុំ ដោយក្នុង១ដុំៗ អាចនឹងមានទម្ងន់ ១គីឡូក្រាម។ ដូច្នេះ គ្រឿងញឿនទាំងអស់នោះ មានទម្ងន់ប្រហែល ២០០គីឡូក្រាម។

លោក បន្តថា មានមនុស្ស ២នាក់ ស្ថិតក្នុងរថយន្តខេមរភូមិន្ទ ដឹកគ្រឿងញៀននោះ។ ហើយពួកគេ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ រថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍។

លោកបន្ថែមថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកជនសង្ស័យ ដែលពាក់ព័ន្ធនឹងគ្រឿងញឿន និងជាជន ដែលបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់តាមចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់។

លោក អ៉ិន សុង នាយរង និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀន រូបនេះ បានសន្និដ្ឋានជាបឋមថា គ្រឿងញៀនទាំងអស់ខាងលើនេះ ទំនងជាក្រុមជនល្មើស លួចផលិត និងលួចដឹកចេញពីតំបន់ត្រីកោណមាស។ តំបន់ត្រីកោណមាស ជាតំបន់ដ៏ល្បីល្បាញ ១របស់ក្រុមជនល្មើស ដែលលួចផលិតគ្រឿងញៀន។ ហើយថា តំបន់នេះ ស្ថិតក្នុងទឹកដីមីយ៉ាន់ម៉ា និងជាប់ព្រំប្រទល់ប្រទេសខំនួន ៣ រួមមាន ៖ មីយ៉ាន់ម៉ា ថៃ និងឡាវ៕ 

អត្ថបទដែលជាប់ទាក់ទង