សម្ដេចតេជោ ហ៊ុន សែន បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានទី លើក៤០-៤១

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផល ជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើជាម្ចាស់ផ្ទះ។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីបណ្ដាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង ៥០ស្ថាប័ន។

ជាកិច្ចចាប់ផ្ដើម សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមជាប្រធានអាស៊ាន សម្តេចបានសម្តែងការពេញចិត្ត ចំពោះ
ដំណើរការកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ។ ក្នុងនោះ សម្ដេច ក៏បានអរគុណដល់បណ្ដាមេដឹកនាំអាស៊ានទាំវអស់ និងប្រទេសជាដៃគូ អង្គការអន្តរជាតិនានា ដែលបានអញ្ជើញធ្វើដំណើរមកកាន់ប្រទេសកម្ពុជានារយៈពេល នៃកិច្ចប្រជុំនេះ។

សម្តេចតេជោ ក៏បានថ្វាយនូវភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ និងប្រជាជនកម្ពុជា ទាំងអស់ផងដែរ។

ទាក់ទងទៅនឹងដំណើរការ នៃការរៀបចំកិច្ចប្រជុំ សម្តេចតេជោ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកម្លាំងសន្តិសុខ សមត្ថកិច្ចកម្ពុជា ដែលបានការពារសន្តិសុខសុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរផងដែរ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំដំណើរការកិច្ចប្រជុំនេះ រហូតទទួលបាន នូវភាពជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានមូលហេតុ២ ដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជា បានដោយសារ ទី១) កត្តាសុខសន្តិភាពនៅកម្ពុជា ទី២) ការគ្រប់គ្រងកូវីដ-១៩ ល្អប្រសើរ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា នេះជាភាពជោគជ័យលើកទី៣ ព្រោះកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំអាស៊ានចំនួន ៣លើករួចមកហើយ គឺកាលពីឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២នេះ ក៏ប៉ុន្តែសម្តេចតេជោ បានប្រកាសថា សម្តេច មិនអាចឈានឆ្ពោះទៅធ្វើជាប្រធានអាស៊ានលើកទី៤ទេ នៅឆ្នាំ២០៣៣ ព្រោះពេលនោះ សម្ដេចមានអាយុជាង ៨០ឆ្នាំទៅហើយ។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់អំពីរឿងកាដូរ ជាកាដូនាឡិកាដៃ ដែលសម្ដេច បានផ្ដល់ទៅឲ្យថ្នាក់ដឹកនាំអាស៊ាន គឺក្នុងគោលបំណងបង្ហាញពីអ្វីដែលខ្មែរធ្វើបានពីព្រោះនាឡិកា ដែលសម្តេចបានផ្ដល់ទៅឲ្យថ្នាក់ដឹកនាំអាស៊ាននោះ គឺផលិតនៅកម្ពុជា សុទ្ធសាធ ពោលគឺសម្តេចចង់បញ្ជាក់ប្រាប់បរទេសថា ពេលនេះ កូនខ្មែរមានលទ្ធភាពផលិតនាឡិកាខ្មែរ ជូនដល់មេដឹកនាំអាស៊ានបាន។ សម្តេចតេជោ ក៏បានបង្ហើបថា នាឡិកាអនុស្សាវរីយ៍ជូនជាកាដូដល់មេដឹកនាំអាស៊ាន មានតម្លៃប្រមាណ ២ម៉ឺនដុល្លារក្នុង ១គ្រឿង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពាក់ព័ន្ធទៅនឹងរឿងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនមានការបញ្ជូនកងទ័ព ឬផ្តល់ជំនួយយោធា ទៅជួយអ៊ុយក្រែននោះទេ គឺគ្រាន់តែចូលរួមជាមួយជប៉ុន ក្នុងការជួយបណ្តុះបណ្តាលការដោះមីនដល់អ៊ុយក្រែន តែប៉ុណ្ណោះ។

សម្តេចតេជោ ក៏បានសម្តែងនូវការសោកស្តាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នានៅកម្ពុជា ដើម្បីរកដំណោះស្រាយណាមួយនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាកិត្យានុភាព របស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង