សម្តេចតេជោ ហ៊ុន សែន ៖ សន្តិភាព និងសមត្ថភាពរៀបចំរបស់កម្ពុជា ជាកត្តាទាក់ទាញមហាអំណាចមកកម្ពុជា
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាតូចមែន ក្រមែន តែកម្ពុជា ក្នុងនាមប្រធានអាស៊ាន គឺមានសមត្ថភាពអញ្ជើញប្រធានាធិបតី ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនានា ចូលរួម និងឡើងថ្លែងក្នុងកិច្ចប្រជុំកំពូល ដែលរៀបចំដោយកម្ពុជា។
ថ្លែងក្នុងសន្និសីទប្រកាសលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីឱ្យប្រមុខរដ្ឋ ប្រមុខដឹកនាំពិភពលោក ថ្នាក់ដឹកនាំនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៅកម្ពុជា នាពេលនេះ គឺទី១. ត្រូវធានាឱ្យបាននូវសុខសន្តិភាព, ទី២. ការគ្រប់គ្រងបានល្អលើជំងឺកូវីដ, ទី៣. គ្មានការជ្រួលច្របល់ និងហិង្សា, ទី៤. បទពិសោធន៍ កម្ពុជា ដែលធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបែបនេះ៕