សម្តេច ហ៊ុន សែន សរសើរ លោក ចូ បៃដិន ថាមានអត្តចរិតរួសរាយ និងសន្ទនាយ៉ាងល្អជាមួយសម្តេច

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងកោតសរសើរ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ថា មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច។

សម្តេច ហ៊ុន​ សែន កោតសរសើរដូចនេះ ក្នុងអំឡុងពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍ថា «សម្រាប់ខ្ញុំនិងឯកឧត្តមប្រធានាធិបតី ចូ បៃឌិន គាត់មានអាយុច្រើនជាងខ្ញុំ ៨ឆ្នាំ គាត់ពិតជារួសរាយ ហើយយើងមានការសន្ទនាគ្នាដ៏ល្អ។ បើទោះបីរឿងនេះរឿងនោះ យើងចែករម្លែកគ្នា តាំងពីកូនចៅជាដើម ក៏និយាយគ្នាបាន។ នៅក្រុងវ៉ាស៉ីនតោន ក៏និយាយ នៅទីនេះ (ភ្នំពេញ) ក៏និយាយ គាត់មានចៅតិចជាងខ្ញុំ ត្រឹមតែ ៧នាក់ ឯខ្ញុំមាន ២០នាក់»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា “ការលើកឡើងថា អាមេរិកមិនត្រូវការឈ្មោះ ហ៊ុន សែន គ្រាន់តែជាសម្តី របស់ក្រុមភូតថ្លុកភូតត្រពាំងប៉ុណ្ណោះ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាមេដឹកនាំនិងមេដឹកនាំ ទោះបីជាយ៉ាងម៉េចក៏ដោយ ក៏មានសីលធម៌ នៅក្នុងការទំនាក់ទំនងគ្នាដែរ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងកម្មវិធីលៀងសាយភោជន៍ លោក ចូ បៃដិន បានទទួលទានម្ហូបខ្មែរយ៉ាងជឿជាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង