លទ្ធផលជំនួបពិភាក្សាទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន
រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
ការជួបពិភាក្សាការងារទ្វេភាគីរបស់សម្តេចតេជោ ហ៊ុន សែន និង លោក ចូ បៃដិន ធ្វើឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ប្រធានាធិបតី ចូ បៃដិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។
ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមានកិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។
សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀត ពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។
ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោបានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌ និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០២ ដែលមានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ ដែលក្នុងនោះប្រធានាធិបតី ចូ បៃដិន បានកោតសរសើរកម្ពុជា ចំពោះតួនាទីប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ ចំពោះជំហរកម្ពុជាលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះ របស់កូរ៉េខាងជើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែង ដោយប្រើអាវុធនុយក្លេអ៊ែរ។
សម្ដេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី បៃដិន អំពីកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ជូនក្រុមអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលក្រុមដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែនដល់ជប៉ុន ក្នុងការផ្ដល់ឧបករណ៍ដោះមីនផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស៖