ពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ឆ្នាំសិក្សា២០២១-២០២២ នៃសាលាអាយដៀស៊ស

ខេត្តព្រះសីហនុ៖ សាលាស្តង់ដារជាតិ-អន្តរជាតិ អាយដៀ ស៊ស បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាព លោក កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកឧកញ៉ា វណ្ណ សុខហេង អគ្គនាយកសាលាស្តង់ដារជាតិ អន្តរជាតិ អាយដៀ ស៊ស ដោយមានការចូលរួមពី លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ពិធីនេះ រៀបចំឡើងនៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកឧកញ៉ា វណ្ណ សុខហេង អគ្គនាយកសាលាស្តង់ដារជាតិ-អន្តរជាតិ អាយដៀ ស៊ស មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាឆ្នាំសិក្សា២០២១-២០២២ និងវិញ្ញាបនបត្រ បញ្ជាក់ឆ្លងភូមិសិក្សា ក៏ដូចជាលិខិតសរសើរដល់សិស្សានុសិស្សជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នាំសិក្សា២០២១-២០២២។

លោកឧកញ៉ាបន្តថា កាលពីអំឡុងឆ្នាំសិក្សា ២០២០-២០២១ កន្លងថ្មីៗនេះ នាយកដ្ឋានធានាគុណភាពអប់រំ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសសាលាអាយដៀ ស៊ស ជាតំណាងសាលាឯកជន ក្នុងខេត្តទាំងអស់ នៃតំបន់មាត់សមុទ្ រចូលរួមការវាយតម្លៃគុណភាពអប់រំថ្នាក់ជាតិ ដែលទទួលបានជោគជ័យគួរជាទីមោទនៈ។

ស្របគ្នានេះដែរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ២០២០-២០២១ ថ្នាក់ជាតិ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅនេះ សិស្សានុសិស្សសាលាអាយដៀ ស៊ស បានប្រឡងជាប់ ១០០ភាគរយ។ នេះជាការពិតពីរ ជាចំណុចលេចធ្លោពីរ ជាមធ្យោបាយវាស់វែងពីរ ដែលបង្ហាញពីការខិតខំប្រែង របស់ សាលា អាយដៀ ស៊ស ក្នុងការផ្តល់ជូនដល់សិស្សានុសិស្ស នូវគុណភាពអប់រំមួយគួរឱ្យកត់សម្គាល់ ទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

សាលា អាយដៀ ស៊ស តែងតែប្រកាន់យកចក្ខុវិស័យទាំងប្រាំ៖

១. វិន័យ/ក្រមសីលធ៌ម

២. គុណភាពអប់រំ

៣. សេវាកម្មល្អ

៤. សុវត្ថិភាព

៥. អនាម័យនិងបរិស្ថានល្អ ដែលជាគុណតម្លៃដ៏ប្រសើរ ដើម្បីប្រតិបត្តិការបង្រៀនប្រកបទំនួលខុសត្រូវ និងវិជ្ជាជីវៈដ៏ពិតប្រាកដ។

លើសពីនេះ សាលា អាយដៀ ស៊ស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការប្រតិបត្តិស្តង់ដា របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យសាលា អាយដៀ ស៊ស ក្លាយទៅជាទីកន្លែងរៀន និងបង្រៀនមួយប្រកបដោយសុវត្ថិភាព សម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។

ជាមួយគ្នានោះ លោក កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមខ្លួន លោកផ្ទាល់ សូមចូលរួមគាំទ្រ ចំពោះលោកឧកញ៉ា វណ្ណ សុខហេង និងគណៈគ្រប់គ្រងសាលា អាយដៀ ស៊ស ដែលបានយកចិត្តទុកដាក់ ចំពោះជោគវាសនាអនាគត កុលបុត្រ កុលធីតាខ្មែរនៅខេត្តព្រះសីហនុ
ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។

លោកបន្តថា កុលបុត្រ កុលធីតា គឺជាទំពាំងស្នងឫស្សី កុលបុត្រ កុលធីតា គឺជាសសរទ្រូង របស់ជាតិ ដូច្នេះហើយយើងទាំងអស់គ្នាមានតួនាទីគាំពារថែរក្សាទំពាំងឱ្យបានល្អ ដើម្បីឱ្យកុលបុត្រ កុលធីតាខ្មែរ ជាពិសេស កុលបុត្រ កុលធីតា នៃខេត្តព្រះសីហនុ របស់យើង ក្លាយខ្លួនជាមូលធនមនុស្សដ៏មានតម្លៃ ក្នុងសង្គមជាតិកម្ពុជា និងនៅលើឆាកអន្តរជាតិ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង