អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រញាប់វេចបង្វិចទៅកាន់ ដែនដីកម្ពុជាក្រោម ដើម្បីជួបបងស្រីក្នុងដង្ហើមចុងក្រោយ បន្ទាប់ពីសម្តេច ហ៊ុន សែន អន្តរាគមន៍បានលិខិតឆ្លងដែនពីតុលាការ

រាជធានីភ្នំពេញ ៖ លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរី នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ បានបង្ហាញអារម្មណ៍រីករាយ ក្រោយរូបលោក បានទទួលលិខិតឆ្លងដែន របស់លោក ពីតុលាការ ដើម្បីអាចឲ្យរូបលោក បានធ្វើដំណើរទៅសួរសុខទុក្ខ អ្នកមានគុណ ជាពិសេសបងស្រីបង្កើត ដែលកំពុងមានជំងឺធ្ងន់ធ្ងរ រស់នៅឯកម្ពុជាក្រោម ។

លោក យាង សុធារិន្ទ បានបង្ហោះសារនៅលើបណ្ដាញសង្គម របស់លោកដូច្នេះ ៖ “នៅទីបំផុត ខ្ញុំទទួលបានលិខិតឆ្លងដែនពីតុលាការវិញហើយ ។ វាជាការផ្តល់លទ្ធភាពឱ្យខ្ញុំ ធ្វើដំណើរទៅជួបឪពុកម្តាយ សាច់ញាតិ ជាពិសេសគឺបងស្រី របស់ខ្ញុំ ដែលកំពុងមានជំងឺមហារីកថ្លើមធ្ងន់ធ្ងរ ។

ខ្ញុំសូមអរគុណ សម្តេចនាយករដ្ឋមន្រ្តី ដែលក្រោយពីបានឃើញសារ របស់ខ្ញុំ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានណែនាំ លោកប្អូន Chea Thyrith ដែលជាជំនួយការ ប្រាប់ខ្ញុំឱ្យសរសេរលិខិតដាក់ស្នើសុំទៅកាន់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីប្រគល់លិខិតឆ្លងដែន ឱ្យខ្ញុំ បានទៅសួរសុខទុក្ខបងស្រី កំពុងមានជំងឺនៅដែនដីកម្ពុជាក្រោម ផ្អែកតាមគោលការណ៍មនុស្សធម៌ ។

ក្នុងពេលជាមួយគ្នា ខ្ញុំក៏សូមអរគុណ ចំពោះអង្គការការពារសិទ្ធិមនុស្ស និងអង្គការ សមាគមសារព័ត៌មានជាតិ និងអន្តរជាតិដែលកន្លងមកតែង បានទទូចឱ្យតុលាការ ប្រគល់លិខិតឆ្លងដែនឱ្យខ្ញុំវិញ ដើម្បីធ្វើដំណើរទៅ ជួបគ្រួសារ ។

សូមអរគុណ ចំពោះអ៊ំ ពូ មា មីង បងប្អូនទាំងអស់ ដែលបានផ្ញើសារ អបអរសាទរក្រោយដឹងថាតុលាការប្រគល់លិខិតឆ្លងដែនឱ្យខ្ញុំវិញ ។

បងប្អូនញាតិមិត្តសាច់ឈាមខ្មែរក្រោម យើងនឹងជួបគ្នាក្នុងរយៈពេល ប៉ុន្មានម៉ោងខាងមុខនេះ !”។

អរគុណបង Samrang Pring សម្រាប់រូបថតមួយសន្លឹកនេះ៕

អត្ថបទដែលជាប់ទាក់ទង