នគរបាលចរាចរណ៍គោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុស ត្រូវថ្នាក់លើដកសក្តិមួយកម្រិត និងបញ្ឈរជេីង៣ខែ
រាជធានីភ្នំពេញ ៖ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹង មន្ត្រីនគរបាលចរាចរណ៍ ប្រចាំការនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស។
បន្ទាប់ពីបានឃេីញវីដេអូ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង ៤រូប មកសួរនាំនៅការិយាល័យ។ ហើយបន្ទាប់ពីបានសួរនាំរួច មន្ត្រីទាំង ៤រូបនោះ ក៏បានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេល ដែលអ្នកបេីកបរមិនមានកំហុសទាល់តែសោះ។
ដោយទទួលបានបទបញ្ជា និងការឯកភាពពី លោក ស ថេត មន្ត្រីទទួលបន្ទុកផ្នែកវិន័យ នៃការិយាល័យបុគ្គលិក ក៏បានសម្រេចដកមន្ត្រីទាំង ៤រូបនេះ មកបញ្ឈរជេីងរយ:ពេល ៣ខែ ដោយត្រូវមកបង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វេីការ នៅការិយាល័យបុគ្គលិក ព្រមទាំងឲ្យធ្វេីកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដេីម្បីជាការព្រមាន ចំពោះការប្រព្រឹត្តកំហុសនេះ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ា ភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប។ លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ ក៏មានបែកសារជាសំឡេងទទួលកំហុស ដែល លោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុក របស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំ លុបវីដេអូ ដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ។
ប្រសិនបើមានភាពមិនប្រក្រតីដូចៗគ្នាខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញការរីករាយក្នុងការទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណា ដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕