ពីរនាក់ឪពុកកូន បានស្លាប់ក្នុងអណ្តូង ខណៈចុះទៅយកកូនសោ
ខេត្តព្រៃវែង ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានជនរងគ្រោះពីរនាក់ឪពុក-កូន បានស្លាប់ នៅក្នុងអណ្តូងបូមទឹកស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។
មន្ត្រីនគរបាលស្រុកពារាំង បានឱ្យដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ ខ្លឹង ពៅ អាយុ ៥២ឆ្នាំ និងកូនឈ្មោះ ពៅ ប៊ុនធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
សមត្ថកិច្ច បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានធ្លាក់កូនសោចូលក្នុងអណ្តូង ហើយក៏នាំគ្នាចុះទៅយក ហើយក៏ថប់ដង្ហើមស្លាប់ នៅក្នុងអណ្ដូងនោះតែម្តង។ អណ្តូងទឹកនេះ មានជម្រៅ ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។
សមត្ថកិច្ច បញ្ជាក់ថា តាមការកត់សម្គាល់ ករណីថប់ដង្ហើម ក្នុងអណ្ដូងទឹក បានកើតឡើងជាបន្តបន្ទាប់ នាពេលកន្លងមក ដែលទាមទារឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ក្នុងការចុះទៅក្នុងអណ្តូងក្នុងដីទាំងនេះ៕