រថយន្តLexus ៥៧០ របស់អភិបាលខេត្តមណ្ឌលគិរី បើកបុកម៉ូតូរ៉ឺម៉កស្លាប់បុរស ២នាក់ស្លាប់
ខេត្តមណ្ឌលគិរី ៖ ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត Lexus 570 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកប៉ះ ជាមួយម៉ូតូសណ្តោងរឺម៉ក បណ្តាលឲ្យបុរស ០២នាក់ ស្លាប់ នៅកន្លែងកើតហេតុ កាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ទី២៩ ខែកញ្ញា ឆ្នាំ២០២២ គឺជារថយន្ត របស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥-១៤៦ ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយកើតហេតុភ្លាម អ្នកបើករថយន្តលុចស៊ីស ៥៧០ បានរត់គេចខ្លួន បាត់ស្រមោល។ ហើយភ្លាមៗនោះ ក៏មានអ្នកមកដោះស្លាកលេខរថយន្តនោះចេញដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត ខាងលើនេះ ជនរងគ្រោះដល់អាយុជីវិតជិះម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឈ្មោះ ផន ភីន ភេទប្រុស អាយុ ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ ហើយអ្នកទាំងពីរ បានស្លាប់នៅកន្លែងកើតហេតុ។
ចំណែក រថយន្ត គឺម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225។
គ្រោះថ្នាក់ចរាចរណ៍នេះ បើកបរក្នុងគោលដៅបញ្ច្រាស់ទិសគ្នា ដោយភាគីម៉ូតូសណ្តោងរ៉ឺម៉ក់ បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ទើបធ្វើឲ្យរថយន្ត ដែលបើកត្រង់ពីទិសខសងត្បូង ទៅទិសខាងជើង បានបុកពេញទំហឹងតែម្ដង បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង ០២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហើយភ្លាមៗនោះ អ្នកបើករថយន្ត ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលឈឹង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ មន្ត្រីជំនាញធ្វើកំណត់ហេតុរួច ក៏បានប្រគល់សពជនរងគ្រោះទាំង ០២នាក់ ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក រថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវមន្ត្រីជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំរកដំណោះស្រាយ នៅពេលក្រោយ៕