ទិដ្ឋភាព ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នាពេលរាត្រី..
ខេត្តព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ថា “ជាមួយនឹងសំណង់ផ្លូវដ៏រឹងមាំ បរិក្ខារតាមដងផ្លូវមានគុណភាព និងចំណាំងផ្លាតបំភ្លឺពេលយប់ គួបផ្សំនឹងការគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន នោះបងប្អូនប្រជាពលរដ្ឋអាចបើកបរពេលយប់លើផ្លូវល្បឿនលឿនថ្មី ភ្នំពេញ-ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព”។
នាព្រលប់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសាធារណការ និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានចុះពិនិត្យ និងធ្វើដំណើរសាកល្បងនៅពេលយប់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បី ប្រាកដថា ការបើកបរលើផ្លូវល្បឿនលឿននៅវេលានេះ ពិតជាធានាបាន នូវសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទន្ទឹងរង់ចាំការដាក់ឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃពេញមួយខែតុលា នឹងមកដល់នាពេលដ៏ខ្លីខាងមុខ។
ឆ្លើយតបនឹងចម្ងល់ប្រជាពលរដ្ឋដែលភាគច្រើនបានចោទជាសំណួរថា៖ “ហេតុអ្វីបានជាផ្លូវល្បឿន លឿនមិនបំពាក់ភ្លើងបំភ្លឺតាំងពីដើមទីរហូតដល់ចុងទី?” លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី។ ដូចគ្នានេះដែរ បើទោះបីផ្លូវល្បឿនលឿនមួយខ្សែថ្មី របស់កម្ពុជាយើង មិនមានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងណាក៏ដោយ ក៏យើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបរ របស់ខ្លួនផងដែរ។ បើសិនជាបងប្អូនគោរពច្បាប់ចរាចរណ៍ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវល្បឿនលឿន នោះការបើកបរពិតជាមានសុវត្ថិភាព មិនថាពេលយប់ ឬពេលថ្ងៃឡើយ។
ក្រសួងសាធារណការ បញ្ជាក់ថា ការធ្វើដំណើរចុះត្រួតពិនិត្យពេលយប់ លើផ្លូវល្បឿនលឿនខណៈនេះ គឺចាប់ផ្តើម ចេញពី “ស្ថានីយក្រុងព្រះសីហនុ” ឆ្ពោះមក “ស្ថានីយភ្នំពេញ”៕