នគរបាលខេត្តព្រះសីហនុ ចាត់វិធានការក្តៅលើរថយន្តដឹកទំនិញ ចតលើផ្លូវតំបន់ទំនប់រលក
ខេត្តព្រះសីហនុ ៖ ភ្លាមៗក្រោយមាន សំណូមពរពីប្រជាពលរដ្ឋ និងមានការចុះផ្សាយតាមបណ្តាញ សារព័ត៌មានមួយចំនួន ដែលស្នើឲ្យ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុថ្មី និងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ចំពោះភាពអនាធិបតេយ្យ នៃការនាំយករថយន្តដឹកទំនិញធុនធំជាច្រើនគ្រឿង មកចតរំលោភលើចិញ្ចើមផ្លូវសាធារណៈ ម្តុំតំបន់ទំនប់រលក បណ្តាលឲ្យមានការកកស្ទះ និងកើតមានគ្រោះថ្នាក់ចរាចរណ៍រួចមក។ ដោយមិនបង្អង់យូរ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យចុះរៀបចំសណ្តាប់ធ្នាប់ លើផ្លូវទំនប់រលកនេះ ហើយបានតម្រូវឲ្យអ្នកបើកបររថយន្តដឹកទំនិញទាំងនោះ ធ្វើកិច្ចសន្យា មិនឲ្យបន្តនាំយករថយន្តធុនធំរបស់ពួកគេ មកឈប់ចតលើចំណីផ្លូវតំបន់ទំនប់រលក ក្រុងព្រះសីហនុ ទៀតទេ។ ហើយថា ក្នុងករណី ម្ចាស់រថយន្ត ឬអ្នកបើកបររថយន្តដឹកទំនិញធុនធំទាំងនោះ មិនអនុវត្តតាមកិច្ចសន្យាទេ គឺសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងទេ៕