លោក ស ខេង៖ នគរបាលមិនត្រូវឲ្យពលរដ្ឋខ្លាចនោះទេ ត្រូវធ្វើឲ្យពលរដ្ឋពេញចិត្ត និងជឿទុកចិត្ត

រាជធានីភ្នំពេញ ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំកសាងឱ្យទៅជានគរបាល របស់ប្រជាជន ប្រជាជនជឿទុកចិត្ត ប្រជាជនស្រឡាញ់ កុំឱ្យគាត់ខ្លាចរអា តែកាលណាប្រជាពលរដ្ឋខ្លាចអាជ្ញាធរ ខ្លាចនគរបាល គាត់ពិតជាស្អប់យើង គេចមុខពីយើង និងមិនសហការជាមួយយើងនោះទេ។

លោក ស ខេង បញ្ជាក់ដូច្នេះ បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលកម្ពស់ ១០ជាន់ និងអគារសាលប្រជុំកម្ពស់ ៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក ស ខេង សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីមូលដ្ឋានត្រូវបម្រើប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយមិនមានការបែងចែក បក្ខពួកជាដាច់ខាត។ យើងត្រូវចងចាំថា រាល់កិច្ចប្រតិបត្តិការ របស់ កងកម្លាំងនគរបាល ជាពិសេសការស្រាវជ្រាវ និងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ បើសិនជាមានកិច្ចសហការល្អ និងផ្ដល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋ ពិតជាធ្វើឱ្យការស៊ើបអង្កេត របស់កងកម្លាំងនគរបាល យើងមានភាពងាយស្រួល និងសម្រេចបានជោគជ័យក្នុងរយៈពេលខ្លី។

លោក ស ខេង បន្តថា «អញ្ចឹងហើយយើងធ្វើការដើម្បីសងគុណ ដើម្បីបម្រើ និងបំពេញនូវជំនឿទុកចិត្ត ស្របតាមជំនឿទុកចិត្តរបស់រដ្ឋាភិបាល របស់ក្រសួង អគ្គស្នងការនគរបាលជាតិ ក៏ដូចជាសប្បុរសជន និងជាពិសេស គឺប្រជាពលរដ្ឋ ដែលគាត់មានក្តីសង្ឃឹមមកលើយើង ធ្វើម៉េចយើងត្រូវខិតខំកសាងនគរបាលរបស់យើង ឱ្យទៅជានគរបាលរបស់ប្រជាជន ប្រជាជនជឿទុកចិត្ត ប្រជាជនស្រឡាញ់ កុំឱ្យគាត់ខ្លាចរអា មានអីគាត់សហការ គាត់ផ្តល់ព័ត៌មាន ដល់យើង ធ្វើយ៉ាងម៉េចយើងត្រូវអនុវត្តពាក្យស្លោកថា (ប្រជាជនម្នាក់ ជានគរបាលម្នាក់) យើងអាចធ្វើបានបញ្ហានេះ យើងមិនចាំបាច់មាននគរបាលច្រើនលើសលប់ទេ»។

លោក ស ខេង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ការធ្វើកំណែទម្រង់កងកម្លាំងនគរបាលជាតិ ត្រូវផ្ដោតលើការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារ ឧបករណ៍ និងមធ្យោបាយនានា សម្រាប់បំពេញតាមតម្រូវការជាក់ស្ដែង របស់អង្គភាពប្រតិបត្តិការ។

ទាក់ទងនឹងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាល ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ព្រមទាំងតម្រូវឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញនគរបាលយ៉ាងតិច ២ខែកន្លះ។

លោកបញ្ជាក់ថា «ការផ្តល់សេវាប្រកបដោយគ្មានការរើសអើង គ្មានការបែងចែកណុងវាសំខាន់ ជាក់ស្តែងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺមិនមានការសួរនាំថាមកពីគណបក្សណានោះទេ ទាំងនេះជាបទពិសោធន៍ល្អរបស់យើង»។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស ខេង បានថ្លែងការកោតសរសើរចំពោះវីរភាព របស់កងម្លាំងនគរបាលជាតិទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចទទួលខុសត្រូវ របស់ខ្លួន យ៉ាងសកម្មទាក់ទងនឹងការរក្សាសន្តិសុខជាតិ សណ្ដាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ ទាំងថ្ងៃទំាងយប់ ដោយមិនគិតការនឿយហត់ ហើយពេលខ្លះមានរបួស និងពលីជីវិតថែមទៀតផង។ ជាលទ្ធផលពិនិត្យឃើញថា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសចរាចរណ៍ និងបទល្មើសគ្រប់ប្រភេទ ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី បន្តទៀតថា ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជា បានជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ កងកម្លាំងនគរបាល ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការអនុវត្ដនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល។ ទាំងនេះសុទ្ធតែជាស្នាដៃ និងគុណសម្បត្តិដ៏ថ្លៃថ្លារបស់កងកម្លាំងនគរបាលជាតិ ដែលទទួលបានជោគជ័យក្នុងការបំពេញបេសកម្មដ៏ពិសិដ្ឋរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង