ឧកញ៉ា ទៀ វិចិត្រ សង្គ្រោះជីវិតអ្នកនេសាទ៤នាក់ លិចទូកលើលម្ហសមុទ្រ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូបរ័ល្បឿនលឿន ០៣គ្រឿង របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ឲ្យចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូក ០១គ្រឿង ប្រភេទ អូសមឹក នៅជិតកោះវ៉ាង។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទនោះមាន ០៤នាក់ គឺអ្នកបើកទូក០១នាក់ និងកូនដៃ ០៣នាក់។
ជនរងគ្រោះមានឈ្មោះ៖
១. ឈ្មោះ ចាន់ ពិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាអ្នកបើកទូក បានហែលឡើងគោកនៅចំណុចពយអាវតាផេង។
២. ឈ្មោះ ដន ប៉ុននី ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោកនៅចំនុចពយអាវតាផេង។
៣. ឈ្មោះ នាក់ ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោកនៅចំណុចពយអាវតាផេង។
៤. ឈ្មោះ ហុត បឹប ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខេត្តព្រះសីហនុ ជាកូនដៃទូក បានហែលឡើងមកដល់គោកចំណុចចំការតា មល រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីរកជំនួយអន្តរាគមន៍។
ជនរងគ្រោះបញ្ជាក់ថា ទូកនេសាទរបស់ពួកគាត់ បានចេញដំណើរនេសាទពីចំណុច មុខកោះស្តេច ហើយពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកក៏បានទាក់ខ្សែង៉ាង (ខ្សែមង) ចំពេលរលកធំៗទៀត ទើបបណ្តាលអោយទូកលិច។ ហើយ ប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ ពួកគាត់អាចនឹងមានគ្រោះថ្នាក់ដ៏អាយុជីវិត។
សូមបញ្ជាក់ថា សម្ភារៈបាត់បង់រួមមាន៖
– ទូកអូសចំនួន ០១គ្រឿង
– មងអូសមឹកចំនួន ០៣ចូរ
– ប្រេងចំនួន ៥,០០០ លីត្រ
បច្ចុប្បន្ន ជនរងគ្រោះទាំង ០៤នាក់ បានជួយសង្គ្រោះដោយសុវត្ថិភាព។
ទាក់ទិនបញ្ហាអាកាសធាតុនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើង។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ដោយឡែក នៅលើលម្ហសមុទ្រ នឹងមានភ្លៀង ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រធំៗ៕