អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការងារជីកសាច់ផ្លូវ ពង្រីកប្រអប់តំណរខ្សែកាបកប់ដី តាមវិថី២៨មិថុនា

ខេត្តព្រះសីហនុ ៖ អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក គួច ចំរើន និងលោក ប្រាំង ជលសា អគ្គនាយករងអគ្គសនីកម្ពុជា បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការងារ ជីកសាច់ផ្លូវ ដេីម្បីកែសម្រួលពង្រីកប្រអប់តំណរខ្សែ (Turn Manhole) មានទីតាំងនៅតាមវិថី ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សកម្មភាពនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅមហាវិថី ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ប្រាំង ជលសា មានប្រសាសន៍ថា ការចុះត្រួតពិនិត្យថ្ងៃនេះ ដើម្បីមើលទីតាំង ដែលត្រូវតបណ្តាញគន្លងខ្សែកាបកប់ដី តភ្ជាប់ពីអនុស្ថានីយ៍អគ្គិសនី ម្តុំឆ្នេរសុខា មកអនុស្ថានីយ៍អគ្គិសនី ដែលគ្រោងសាងសង់នេះ។

លោកបន្តថា បច្ចុប្បន្នក្រុងព្រះសីហនុ មានអនុស្ថានីយអគ្គិសនីចំនួន ៣ហើយ ដែលកំពុងដំណើរការ។ ហើយរាជរដ្ឋាភិបាល ក៏គ្រោងនឹងសាងសង់អនុស្ថានីយ៍អគ្គិសនីជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការចាំបាច់ នៃការប្រើប្រាស់ថាមពលអគ្គិសនី របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវពន្លឿនការងារសាងសង់ និងការតភ្ជាប់បណ្ដាញអគ្គីសនី ឱ្យបានលឿនតាមផែនការ ស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពឲ្យបានខ្ពស់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង