ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ទៅយកក្មេងប្រុសម្នាក់ មានជំងឺធ្ងន់ រស់នៅលើកោះរ៉ុង
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅម៉ោង ០៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកក្មេងប្រុសមួយរូប មានអាការៈ គាំងបេះដូង រឹងថ្គាម នឹងសសៃទាញកន្ត្រាក់ នាំយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសខាងលើមានឈ្មោះ ឈីម ជីហ្វូង អាយុ ១១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕