លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវតែងតាំងជា អភិបាលរងខេត្តសៀមរាប
ខេត្តសៀមរាប ៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជា អភិបាលរងខេត្តសៀមរាប។
នេះបើយោងតាម អនុក្រឹត្យ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ របស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមអនុក្រឹត្យ បានសម្រេចតែងតាំង លោក ឃឹម ហ្វីណង់ ពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប មានឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១។
លោក ឃឹម ហ្វីណង់ ធ្លាប់ជានិស្សិតឆ្នើម ដែលបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យពីរ ក្នុងឆ្នាំតែមួយនៅរាជធានីភ្នំពេញ គឺថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៤។
ឳពុករបស់លោក គឺលោក ឃឹម ប៊ុនសុង ជាអតីតអភិបាលខេត្តសៀមរាប ហើយបច្ចុប្បន្ន លោក ជានាយឧត្តសេនីយ៍ (ផ្កាយ៤) និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីឳពុក របស់លោកចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជា អភិបាលស្រុកបន្ទាយស្រី នៅឆ្នាំ២០១៩។
ក្នុងអំឡុងពេលដឹកនាំ ក្នុងរដ្ឋបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានគាំទ្រ ដោយបានរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ នៅទីនោះកាន់តែល្អ ហើយមានភាពរីកចម្រើនស្ទើរតែគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ រូបលោកក៏បានដោះស្រាយនូវវិបត្តិដីធ្លីជូនប្រជាជន ដែលមានបញ្ហាប្រកបដោយសុវត្ថិភាពទៀតផង។ រូបលោក ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាច្រើនរស់នៅស្រុកបន្ទាយស្រី ក្នុងសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព..។
សូមបញ្ជាក់ថា ក្រៅពី លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ក៏មានមន្រ្តី ០៣រូបផ្សេងទៀត ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តសៀមរាប រួមមាន៖ លោក សុខ ថុល, លោកស្រី ម៉ននី រង្សី និងលោក យុន លីនណេ៕